ដោយៈ សុផារី
ភ្នំពេញៈ កត្តាជាច្រើនបាននិងកំពុងអូសទាញការរវិនិយោគ ឆ្ពោះទៅទិសខាងជើងរាជធានី ដែលមួយផ្នែកស្ថិតនៅលើផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥ និងផ្នែកមួយចំនួននៃមហាវិថីឈ្នះ ឈ្នះ។
យោងតាមអនុក្រឹត្យស្ដីពី “ការដាក់ឱ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥” ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាព ភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ១០០គីឡូម៉ែត្រជុំវិញ។
ជាក់ស្តែងនៅក្នុងឆ្នាំ២០២២នេះ តំបន់ប៉ែកខាងជើងត្រូវបានអ្នកជំនាញមើលឃើញថា ជាតំបន់ដែលកាន់តែមានសក្តានុពល សំរាប់ការវិនិយោគអចលនទ្រព្យខ្លាំង។
អ្នកឧកញ៉ា លី ហួរ ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា បានអះអាងថា នៅភាគខាងជើងរាជធានីភ្នំពេញ គឺជាតំបន់នេះមានខ្យល់អាកាស និងទឹកគ្រប់គ្រាន់ ដែលអំណោយផលដល់ការរស់នៅ និងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតនៅតំបន់នោះ វាបណ្តុំដោយអាគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ និងស្ថាប័នរដ្ឋមួយចំនួនទៀត ជាសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍ។
ចំណែកលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុមើលឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍អគាពាណិជ្ជកម្ម និងលំនៅឋានធំៗមួយចំនួន បាននាំគ្នាបោះទុនវិនិយោគលើការអភិវឌ្ឍន៍អគារ និងសំណង់ផ្សេងៗ នៅប៉ែងខាងជើងរាជធានីភ្នំពេញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបន្តថា “តាមរយៈការអភិវឌ្ឍរបស់ក្រុមហ៊ុនធំៗទាំងនេះ រួមជាមួយវត្តមានក្រសួង ស្ថាប័នរដ្ឋមួយចំនួន អ្នកជំនាញរូបនេះជឿជាក់ថា វានឹងធ្វើឱ្យតម្លៃអចលនទ្រព្យ និងការអភិវឌ្ឍន៍នៅតំបន់នោះ នឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត”។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍ថា ប្រសិនបើចង់អភិវឌ្ឍអ្វីម្យ៉ាង ធ្វើអ្វីមួយភ្លាមៗ ទិញដីទុកលក់ភ្លាម រយៈពេល២ទៅ៣ឆ្នាំ ឬចង់សាងសង់ផ្ទះសម្រាប់រស់នៅលក្ខណៈស៊ីវីល័យ ទំនើប គឺទិសខាងជើង។ តំបន់ទិសខាងជើង ជាពិសេសខណ្ឌសែនសុខ ជាតំបន់ដែលប្រមូលផ្តុំ ទៅដោយមជ្ឈមណ្ឌលនានា មានដូចជា ផ្សារទំនើបអ៊ីអនម៉ល២ ផ្សារក្លូបល ផ្សារម៉ាក្រូ ផ្សារជីប ម៉ុង និងបុរីជាច្រើន។
លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាប្រធានក្រុមហ៊ុន សេម អេស អិន បានមានប្រសាសន៍ថា តំបន់ប៉ែកខាងជើងនៃរាជធានីភ្នំពេញ ដូចជាតំបន់បឹងទំនប់កប់ស្រូវ គឺជាតំបន់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ ព្រោះតំបន់នេះមិននៅឆ្ងាយពីតំបន់ពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។
ជាក់ស្តែង ផ្សារទំនើបអ៊ីអនម៉ល២ ក្នុងខណ្ឌសែនសុខ ដែលនាំឱ្យដីធ្លីក្នុងខណ្ឌនេះ មានការឡើងថ្លៃរហូតដល់១៥០០ ទៅ២០០០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េតាមដងផ្លូវសំខាន់ៗ។ ការណ៍នេះ បណ្តាលឱ្យតំបន់នេះមានការរីកដុះដាលយ៉ាងខ្លាំង លើផ្នែកលំនៅដ្ឋានបែបស៊ីវិល័យ អគារខុនដូក៏បាននិងកំពុងតែរីកបណ្តើរៗផងដែរ។
លោកឧកញ៉ាព្យាករណ៍ថា “មិនយូរមិនឆាប់ទេ បឹងតាមោកនិងតំបន់ក្បែរបឹងតាមោក នឹងក្លាយជាតំបន់ពាណិជ្ជកម្មមួយ ឬការស្នាក់នៅយ៉ាងល្អប្រសើរខ្លាំងមែនទែនសម្រាប់ការវិនិយោគក្នុងតំបន់នេះ”។
បន្ថែមលើសនេះ តំបន់មួយទៀតដែលលោកឧកញ៉ា មើលឃើញថាជាតំបន់មានសក្តានុពលផងដែរនោះ គឺតំបន់ផ្លូវលី យ៉ុងផាត់ ដែលមានទីតាំងមិនឆ្ងាយពីបឹងតាមោកនោះទេ និងស្ថិតក្នុងប៉ែកខាងជើងឆៀងខាងកើតនៃរាជធានីភ្នំពេញ។ លោកជឿជាក់ថា តំបន់នេះមានសក្តានុពលទាក់ទាញវិនិយោគិនខ្លាំង នឹងក្លាយទៅជាតំបន់ អភិវឌ្ឍន៍លំនៅដ្ឋានយ៉ាងល្អប្រសើរបំផុត ដោយយើងសង្គេតឃើញមាន ស្តាតសម្តេចតេជោហ៊ុនសែន មហាវិថីឈ្នះ ឈ្នះ ការអភិវឌ្ឍបុរី ខុនដូខ្លះៗ។
រីឯឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យតំបន់ប៉ែកខាងជើង រាជធានីភ្នំពេញមានការទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគ គឺដោយសារតំបន់នោះមានដីធំៗទំនេរច្រើន ដែលអំណោយផល ដល់ការអភិវឌ្ឍអគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងអគារលំនៅឋានធំៗ។
លោកបន្តថា ការផ្លាស់ប្តូរទីតាំងក្រសួង ស្ថាប័នរដ្ឋមួយចំនួនទៅប៉ែកខាងជើងនៅមួយរយៈចុងក្រោយ ក៏ជាកត្តាធ្វើឱ្យតំបន់នោះ មានការទាក់ទាញខ្លាំងផងដែរ។
ជាក់ស្តែង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ត្រូវបានលេចត្រដែតឡើងនៅប៉ែកខាងជើងរាជធានីភ្នំពេញ៕