ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សជប៉ុន Aeon គ្រោងនឹងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតអន្តរជាតិធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែក្រុងព្រះសីហនុ។
ការវិនិយោគនេះ ធ្វើឡើងដើម្បីផ្ដល់សេវាកម្មស្តុកទំនិញ នាំចូល សម្របសម្រួលនីតិវិធីគយ និងគាំទ្រការលក់ទំនិញអនឡាញឆ្លងដែន។
យោងតាមសារព៌តមាន Nikkei Asia បានរាយការណ៍ថា មជ្ឈមណ្ឌលនេះ នឹងមានទំហំជាង៣០,០០០ម៉ែត្រការ៉េ ហើយរំពឹងថានឹងបើកដំណើ រការនៅឆ្នាំ ២០២៣។
មជ្ឈមណ្ឌលនេះ គឺឃ្លាំងស្ដុកលើកលែងការបង់ពន្ធនាំចូល ឬ (bonded warehouse)។ មានន័យថា ក្រុមហ៊ុននានាអាចរក្សាទុកទំនិញនាំចូលពីបរទេសក្នុងឃ្លាំងនេះសិន នៅពេលមកដល់កម្ពុជា ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីគយ និងបង់ពន្ធភ្លាមៗ។
ក្រុមហ៊ុនតម្រូវឱ្យបង់ពន្ធនាំចូល នៅពេលដែលដកទំនិញចេញពីឃ្លាំងយកទៅលក់ ហើយអត្រាពន្ធគឺគិតទៅតាមចំនួនទំនិញ ដែលនាំចេញពីឃ្លាំងជាក់ស្ដែង។ ការធ្វើបែបនេះ គឺអាចជួយសន្សំសំចៃ បានយ៉ាងច្រើន ដោយក្រុមហ៊ុននានា មិនចាំបាច់បង់ពន្ធសរុបម្ដងទាំងអស់។
ការវិនិយោគលើវិស័យនេះ គឺផែនការរបស់ Aeon Group ក្នុងការរកប្រភពចំណូលថ្មី ខណៈដែលតម្រូវការឃ្លាំងប្រភេទនេះ កំពុងកើនឡើងទូទាំងពិភពលោក៕