កម្ពុជាគ្រោងនឹងសាងសង់ផ្លូវបន្ថែមទៀតនៅក្រុងសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

0

ដោយៈសុផារី

សៀមរាបៈ គម្រោងសាងសង់ផ្លូវនៅក្រុងសៀមរាប៣៨ខ្សែ ទើបតែបានបញ្ចប់ និងត្រៀមដាក់ដំណើរការនៅពេលឆាប់ៗខាងមុខនេះ គម្រោង ថ្មីៗនៅក្នុងក្រុងសៀមរាប ក៏ត្រូវក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងសិក្សាក្នុងការសាងសង់ ផ្លូវវាងក្រុងសៀមរាបបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថាក្រៅពីសមិទ្ធផលផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលបានស្ថាបនារួចរាល់ហើយ ក្រសួងក៏កំពុងសិក្សា លើការសាងសង់រង្វង់មូលដ៏ធំមួយទៀ​ត ដែលមានអង្កត់ផ្ចិត២៥ម៉ែត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អាស្រុកប្រាសាទបាគង ។

លោកបន្តថា ក្រសួងក៏មានគម្រោងសិក្សា លើការស្ថាបនាផ្លូវវាងក្រុងសៀមរាបថ្មីមួយបន្ថែមទៀត ដែលជាជំនួយរបស់កូរ៉េ និងការជំរុញឱ្យមានការដឹកជញ្ជូន ដោយរថយន្តក្រុងដឹកអ្នកដំណើរ ដើរដោយប្រព័ន្ធអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងការកាត់បន្ថយការកកស្ទះចរាចរណ៍ ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប១០៦,៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមា​ណ១៥០លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ប្រើប្រាស់រយៈពេល១៣ខែក្នុងការសាងសង់ និងបានសម្ពោធបើកការដ្ឋាន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនស្តីពី វឌ្ឍភាពគម្រោងស្ថាបនាហេដ្ឋារចនាស ម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ប្រចាំឆមាសទី២ ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្រេចបាន១០០% តាមផែនការដែលបានគ្រោងទុក។

ដោយឡែកការងារបំពាក់ កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរា​ចរណ៍ចំនួន២០ទីតាំង ការងារដាំដើមឈើចំនួន៣.១២៥ដើម និងការងា​របំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិត ក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ជាលទ្ធផលសម្រេចបាន ៧២,៧៤%៕

LEAVE A REPLY

Please enter your comment!
Please enter your name here