អ្នកជំនាញទេសចរណ៍ៈអូមីក្រុងកំពុងបង្អាក់លំហូរទេសចរណ៍មកកាន់កម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការរីករាលដាលជំងឺកូវីដ អូមីក្រុងនៅតំបន់អឺរ៉ុប អាមេរិក និងបណ្តាប្រទេសក្នុងតំបន់ កំពុងកាត់បន្ថយក្តីសង្ឃឹមរបស់អ្នក ប្រកបរបរលើវិស័យបដិសណ្ឋារកិច្ច។

ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជានាយកក្រុមហ៊ុន World Express Tour & Travel លោកហូ វណ្ឌីបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ បាននិងកំពុងធ្វើឲ្យមានបញ្ហា ដល់ការរៀបចំកញ្ចប់ទេសចរណ៍នានា របស់ភ្ញៀវមកពីតំបន់​អឺរ៉ុប អាមេរិក និងបណ្តាប្រទេសក្នុងតំបន់មួយចំនួន។

លោកបន្តថា “នៅក្នុងតំបន់អាស៊ានកម្ពុជា ជាជើងឯក ដែលបានបើកចំហរប្រទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក្ត ខណៈប្រទេសក្នុងតំបន់នេះ​នៅបន្តធ្វើ”។ លោកបន្តថា “ជារឿងអបអរសាទរមួយសម្រាប់កម្ពុជា ប៉ុន្តែការធ្វើចត្តាឡីស័ករបស់ប្រទេសថៃ វៀតណាម សឹង្ហបុរីជាដើមបាននិងកំពុងធ្វើឲ្យរារាំងដល់ខ្សែសង្វាក់ លំហូរភ្ញៀវទេសចរណ៍ ក្នុងតំបន់រួមទាំងកម្ពុជាផងដែរ”។

លោកហូ វណ្ឌីបានបន្តថា ជាមួយនឹងការរីករាលដាលមេរោគអូមីក្រុងប្រភេទថ្មីនេះ ក៏បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ ក្នុងតំបន់មួយចំនួនដូចជា Bangkok Airway, Thai Smile កាត់បន្ថយ ជើងហោះហើរ មកកាន់កម្ពុជាផងដែរ ខណៈជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍មួយចំនួនទៀតបានកាត់បន្ថយផងដែរ ពិសេសក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដែ​លតភ្ជាប់ជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប។

ចំណែក លោកធួន ស៊ីណាន ប្រធានសមាគទីភ្នាក់ងារទេស​ចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក៏បានឱ្យដឹងផងដែរថា មេរោគអូមីក្រុងនេះ បាននិងកំពុងវាយលុកលុយ នៅតំបន់អឺរ៉ុប និងអាមេរិក ហើយក៏ធ្វើឱ្យអ្នកដំណើរពីអាមេរិក​ និងអឺរ៉ុប ដែលគ្រោងនឹងចូលមកកម្ពុជានៅអំឡុងខែមីនា និងមេសាបានលុបចោលសំបុត្រយន្តហោះ និងសំបុត្រធ្វើដំណើរកម្សាន្តមួយចំនួ​នផងដែរ លើកលែងតែអ្នកអ្នក ដែលមានការចាំបាច់ត្រូវតែចោលមកកម្ពុជា គេមិនបានលុបចោលសំបុត្រ និងការធ្វើដំណើរនោះឡើយ។

លោកបន្តថា “វិស័យទេសចរណ៍កម្ពុជា នៅតែបន្តរងផលប៉ះពាល់ដដែ​ល ដរាបណាមេរោគកូវីដ១៩នេះ មិនទាន់បាត់បង់ពីពិភពលោកទោះ​បីជាកម្ពុជា មិនមានករណីឆ្លងថ្មីៗក៏ដោយ ពីព្រោះថាវិស័យទេស​ចរណ៍វាមានការជាប់ពាក់ព័ន្ធគ្នា ពីប្រទេសមួយទៅប្រទេសមួយទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here