ដោយៈសុធារី
សៀមរាបៈ អ្នកជំនាញអះអាងថា កត្តាម្ចាស់ដីនៅក្នុងខេត្តសៀមរាបបានតម្លើងតម្លៃដី របស់ពួកគាត់នៅតាមផ្លូវទើបស្ថាបនារួចនេះ បានបណ្តាលឱ្យសកម្មភាពទិញ លក់នៅទ្រឹងមួយកន្លែង ដែលជាឱកាសសម្រាប់អ្នកមានគម្រោងទិញដីធ្លី សម្រាប់វិនិយោគនៅថ្ងៃក្រោយ។
លោកបឿន រិទ្ធ ប្រធាន GRA ប្រចាំខេត្តសៀមរាបមានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៣ មករាកន្លងមកថា សេដ្ឋកិច្ចរបស់ខេត្តសៀមរាប អាចដើរទៅរួចអាស្រ័យលើវិស័យទេសចរណ៍។ យើងមើលឃើញថា នៅកំឡុងចូលឆ្នាំសកលកន្លងទៅ មានលក្ខណៈល្អប្រសើរ ដោយសារកំណើននៃភ្ញៀវទេសចរ បានមកលេងនៅក្នុងខេត្តសៀមរាបមានច្រើន។
តាមរយៈរបាយការណ៍របស់ក្រសួងទេសចរណ៍ នាឱកាសឆ្លងឆ្នាំសកល២០២១ឆ្លងចូល២០២២ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុប មានអ្នកចូលទស្សនាច្រើនជាងគេ ១៨៩,៤៣៦នាក់។
លោកបឿន រិទ្ឋបានអះអាងថា សកម្មភាពសេដ្ឋកិច្ចរបស់ខេត្តសៀមរាបមានសកម្មភាពតែមួយឆាវៗ ដោយសារតែកូវីដ១៩ រារាំង។ បច្ចុប្បន្នដីធ្លីក្នុងខេត្តសៀមរាប បែងចែកជា៤ប្រភេទ មាន ដីសម្រាប់កសិកម្ម ដីសម្រាប់អាជីវកម្ម ដីលំនៅឋាន និងដីពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ ប្រភេទដីធ្លីមួយប្រភេទកំពុងតែមានចរន្តទិញលក់ល្អ គឺ ប្រភេទដីពាណិជ្ជកម្ម ដោយសង្គេតឃើញមានអ្នកមកពីភ្នំពេញ និងបណ្តាខេត្តផ្សេងៗមកទិញ។
លោកបន្តថា “សកម្មភាពទិញលក់អចលនទ្រព្យដីធ្លីនៅមាន គ្រាន់តែមានមិនច្រើនទេ មានតិចតួចដោយភាពច្រើនជា អ្នកទិញក្នុងស្រុកជាអ្នកធ្វើសកម្មភាពទិញលក់នៅក្នុងខេត្តសៀមរាប”។ លោកបន្តថា “សកម្មភាពទិញលក់ តម្លៃចន្លោះក្រោម១លានដុល្លារចុះក្រោម នៅមានដំណើរការធម្មតាទេ។ ចំណែកសកម្មភាពវិនិយោគខ្នាតធំៗ មិនទាន់ចូលមកនោះទេ”។
សម្រាប់តម្លៃដីធ្លី លោកបែងចែកជា២ ប្រភេទគឺ ដីធ្លីនៅក្នុងក្រុងនិងដីធ្លីកសិកម្មនៅក្រៅក្រុង។ ដីធ្លីកសិកម្មនៅក្រៅក្រុង អាចមានតម្លៃចាន់ពី៣ទៅ១០ដុល្លាអាមេរិក ខ្លះអាចឡើងដល់១៥ដុល្លាអាមេរិក សម្រាប់ដីនៅម្តុំគម្រោងអាកាសយានដ្ឋានថ្មីសៀមរាប។ តម្លៃដីកសិកម្មអាស្រ័យ តាមទំហំនិងទីតាំងរបស់ដីផងដែរ។ ប្រសិនបើ ដីមានទំហំធំ នោះតម្លៃនឹងរៀងទាប តែប្រសិនបើដីមានទំហំតូច ហើយនៅជាប់នឹងផ្លូវធំ នោះតម្លៃក៏ឡើងខ្ពស់តាមនោះដែរ។
ចំណែកដីនៅក្នុងក្រុង តំបន់២ដែលមានតម្លៃថ្លៃបំផុត។ តំបន់ទី១ គឺ តំបន់ផាប់ស្ទ្រីត ដែលមានតម្លៃចាប់ពី៣ពាន់ ទៅ៤ពាន់ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតំបន់ទី២ តំបន់ផ្សារលើនៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ចាប់ពីម្តុំព្រះអង្គចេកព្រះអង្គចម មកដល់ហួសផ្សារលើបន្តិច មានតម្លៃចាប់ពី៤០០០ចុះក្រោម។
សម្រាប់ម្ដុំផ្សារលើតម្លៃប្រហែល៤៥០០ ដល់៥០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ នៅតាមផ្លូវមេ ដីមានតម្លៃប្រហែល១៣០០ ក្នុងមួយម៉ែត្រការ៉េ ខ្លះចន្លោះ៣០០ ទៅ៥០០ដុល្លាអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
លោកបឿន រិទ្ឋបានបន្តថា ក្នុងចំណោមដីទាំង៤ ប្រភេទនេះលោកមើលឃើញថា ប្រភេទដីពាណិជ្ជកម្ម ដែលនៅជាប់នឹងផ្លូវ៣៨ខ្សែ ជាប្រភេទដីដែលមានល្អបំផុត សម្រាប់ការវិនិយោគ ព្រោះនៅតាមផ្លូវ៣៨ខ្សែ តំបន់ខ្លះដីពាណិជ្ជកម្ម នៅមានតម្លៃធូរនៅឡើយចន្លោះពី៣០០ ទៅ១៥០០ ដុល្លាអាមេរិក ដោយលើកឡើងតំបន់ពីរខាងលើ។
លោកបញ្ជាក់ថា”យ៉ាងណាម៉ិញតម្រូវការផ្គត់ផ្គង់ មានច្រើនជាងតម្រូវការទិញ។ ដូច្នេះសម្រាប់អ្នកមានលទ្ធភាព អាចចាប់យកឱកាសនេះសម្រាប់ទិញទាន់ នៅមានតម្លៃធូរថ្លៃហើយមានតម្រូវការលក់ច្រើន”៕