ដោយ៖ សុធារី
ភ្នំពេញ៖ ក្រុមហ៊ុន សូណាត្រា គ្រុប ដែលបានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ បើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋាន របស់បុរីសូណាត្រា ដែលមានទីតាំង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។
ក្រុមហ៊ុន សូណាត្រា គ្រុប ជាក្រុមហ៊ុនវិនិយោគក្នុងវិស័យអចលនទ្រព្យ សំណង់ ហិរញ្ញប្បទាន គណនេយ្យ-សវនកម្ម និង ភោជនីយដ្ឋានជប៉ុន ព្រមទាំងការវិនិយោគមួយចំនួនទៀតមានមួលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក្នុងការទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុន ធ្វើអាជីវកម្មនៅកម្ពុជា កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត្រា នឹងក្លាយជា ជម្រើសថ្មីបន្ថែមទៀតសម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគិន ជនបរទេស ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ស្របពេលដែល ប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។
លោកបន្តថា “បច្ចុប្បន្ន វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយ ការសម្រេចចិត្តវិនិយោគក្នុងវិស័យសំណង់លំនៅឋាន និងពាណិជ្ជកម្ម ពិតជាមានតម្រូវការក្នុងអត្រាខ្ពស់ និងនៅមានភាពទូលំទូលាយដើម្បី គាំទ្រដល់ការលូតលាស់ផ្នែកអចលនទ្រព្យ និងដើម្បីបង្កើនភាពធន់ របស់វិស័យឯកជន ឱ្យកាន់តែរឹងមាំ និងប្រសើរឡើង”។
លោកឧកញ៉ាស៊ន សុខណា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូណាត្រា គ្រុប បានមានប្រសាសន៍លើកឡើងថា ការបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការ គម្រោងលំនៅឋាននេះ ជាការបង្ហាញពីជ្រុងមួយនៃការរីកចំរើនរបស់កម្ពុជា។
លោកឧកញ៉ាបន្តថា អាជ្ញាធររាជធានីភ្នំពេញនិងរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩រហូតបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែលបានធ្វើអោយក្រុមហ៊ុនរបស់លោកអាចបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការ៕