តើសរសរស្ថម្ភអ្វីខ្លះនឹងជាចលករជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ?

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំនើនក្នុងរង្វង់៤,៨ភាគរយ ជាសុទិដ្ឋិនិយមមួយ សម្រាប់អ្នកប្រមើលមើលពីនិ​ន្នាការឬចរន្តវិញចុះឡើង នៃសកម្មភាពពាណិជ្ជកម្មការវិនិយោគ។

ការព្យាករណ៍ជាបណ្ដោះអាសន្នរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជា អាចមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤.៨ភាគរយ ។ ការព្យាករណ៍នេះប្រាកដថា នឹងអាចមានការកែតម្រូវនៅ​ពេលដែលអនុវត្តបាន៦ខែដើមឆ្នាំ ឬក៏៩ខែ តាមជាក់ស្តែង។ នេះជាការលើកឡើងរបស់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី ១៨ ខែ មករានេះ។

លោក មាស សុខសេនសាន បានមានប្រសាសន៍ឲ្យដឹងថា មានវិស័យចំនួនបី ដែលអាចជួយជំរុញសេដ្ឋកិច្ចជាតិ ឲ្យមានសន្ទុះកើនឡើង។ វិស័យទាំងនោះរួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍។

ក្រៅពីវិស័យទាំងបីនេះ វិស័យអទិភាពមួយទៀត ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិដែរនោះគឺវិស័យកសិកម្ម។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកាលពីខែ វិច្ឆិកា ឆ្នាំ ២០២១ថា ការនាំចេញក្នុងវិស័យកសិកម្ម លើសផែនការ បើធៀបនឹងឆ្នាំមុន ទោះជាកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ខណៈដែលកម្ពុជា នឹងចរចានាំចេញដោយត្រង់នូវកសិផលជាកញ្ចប់ ជាមួយប្រទេសចិននាពេលខាងមុននេះ។

សម្តេចតេជោបានបង្ហាញសុទិដ្ឋិនិយមថា ការនាំចេញរបស់វិស័យក​សិកម្ម និងវិស័យឧស្សាហកម្ម កាន់តែមានភាពល្អប្រសើរ ព្រមជាមួយនឹងការមកដល់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស ជាពិសេសចិន។

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានលើកឡើងថា កំនើនន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ​២០២១​ ​មានលក្ខណៈ​ល្អប្រសើរ​ជាង​ការរំពឹង​ទុក​ ហើយ​កំណើ​ន​សេដ្ឋកិច្ច​កម្ពុជា​នឹងវិល​ទៅរក​៧% ត្រឹមឆ្នាំ ២០២៤។​

ការរំពឹងបែបនេះ សំអាងទៅលើកត្តាមួយចំនួន ដូចជា កត្តាទីផ្សារក្រៅប្រទេស ការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ដែលជាទីផ្សារធំរបស់កម្ពុជា មិនមានភាពថមថយ។ ក្រៅពីនេះ ក៏មានកត្តាសំខាន់ៗផ្សេងៗទៀតដែរ ដូចជាកត្តាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមផ្សំជាមួយវិធានការនានា ដែលរដ្ឋាភិបាលដាក់ចេញកន្លងមក។

ជាក់ស្តែងតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ចរយៈពេល១១ខែឆ្នាំ២០២១ បង្ហាញថា វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរមានកំណើន១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានត្រឹម១០%ប៉ុណ្ណោះ។ រីឯការនាំចេញទំនិញមិនមែនកាត់ដេរ រយៈពេល១១ខែ គឺមានការកើនឡើងប្រមាណ៥៣%។

ជាមួយគ្នានេះ ធនាគារពិភពលោកបានវាយតម្លៃថា វត្តមានរបស់វីរុសបំប្លែង Omicron អាចរំខានដល់ការងើបឡើងវិញ នៃឧស្សាហកម្ម ទេស​ចរណ៍ និងមានការកើនឡើងហានិភ័យផ្នែកហិរញ្ញវត្ថុ ជាមួយនឹងការកើនឡើងនៃបំណុល និងភាពងាយរងគ្រោះ ចំពោះគ្រោះមហន្តរាយធម្មជាតិ និងហេតុការដែលពាក់ព័ន្ធអាកាសធាតុ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជានឹងមានភាពល្អប្រសើរ​ ដោយការនាំចេញនឹងកើនឡើង ព្រោះនៅដើមឆ្នាំនេះកិច្ចព្រៀងព្រៀង ពាណិជ្ជកម្មសេរី រវាងកម្ពុជា ចិន និងកិច្ចព្រមព្រៀងនៃភាពជាដៃគូ គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏នឹងចូលជាធរមានផងដែរ។

លោកបន្តថា “តាមរយៈកិច្ចព្រមព្រៀងធំៗទាំងពីរនេះ នឹងផ្តល់កាលានុវត្តន៍ភាពដ៏ធំ សម្រាប់ការនាំចេញពីកម្ពុជាផង និងជាការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកផលិតនៅកម្ពុជា ដើម្បីនាំចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន និងបណ្តាប្រទេសសមាជិកRCEPផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here