តើសម្តេចតេជោផ្តល់អនុសាសន៍អ្វីខ្លះដល់មេដឹកនាំទេស​ចរណ៍អាស៊ាន?

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែ​កនូវអនុសាសន៍សំខាន់ៗចំនួន៥ ដើម្បីបន្តពង្រឹងទំនាក់ទំនងអាស៊ានឱ្យកាន់តែប្រសើរឡើង។

សម្តេចតេជោក៏ចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្ពោះទៅអនាគត និងវិបុលភាពរួមស្របតាមប្រធានបទ អាស៊ាន “សហគមន៍សន្តិភាព និងវាសនាតែមួយ”និងឈរលើទស្សនៈវិស័យ​ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត”។

ការចែករំលែកអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញ បើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នាទីក្រុងព្រះសីហនុ។

អនុសាសន៍សំខាន់ៗទាំង៥ របស់សម្តេចតេជោ ក្នុងបើកវេទិកាទេស​ចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ រួមមានទី១ ការបើកដំណើរការសក​ម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញជាបណ្តើរៗឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដោយហេតុថា ស្ថានភាពទីផ្សារទេសចរណ៍នឹងមានភាពតូចចង្អៀត ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្ម តម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍។

វិធានការក្នុងការគ្រប់គ្រងស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការសម្រួលដល់ការធ្វើដំណើរ ។ ចំណុចទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ ការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី ។ ក្នុងន័យនេះ ផែនការ ស្តារវិស័យទេសចរណ៍អាស៊ាន ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នឹងក្លាយជាគន្លឹះយុទ្ធសាស្ត្រ ដ៏សំខាន់ សម្រាប់ការបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗ នៃការទទួលភ្ញៀវទេស​ចរអន្តរជាតិ ដោយឈរលើគោលការណ៍រក្សា បាននូវតុល្យភាពរវាងសកម្ម​ភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ជាមួ​យកិច្ចខិតខំក្នុងការវិលត្រឡប់ ឱ្យបានឆាប់ទៅរកប្រក្រតីភាពថ្មី នៃជីវភា​ពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនអាស៊ាន។

ទី២ សម្តេចសូមគាំទ្រគំនិតផ្តួចផ្តើម សម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងការរៀបចំការអនុវត្តវិធានសុខាភិបាល ក្នុងឧស្សាហកម្មទេសចរណ៍ ដែ​លជាយន្តការចូលរួមដ៏មានសារៈសំខាន់ ក្នុងការធានាបាននូវដំណើរការអាជី​វកម្មទេសចរណ៍ឡើងវិញផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួម ជាអតិបរមា។
កម្ពុជាបច្ចុប្បន្ន បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព នូវ “វិធានសុវត្ថិភាពទេសចរណ៍” និង “នីតិវិធីប្រតិបត្តិស្តង់ដា” សម្រាប់ប្រតិ​បត្តិលើការបើកដំណើរការ អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

ទី៣ ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀត ស្របតាមទស្សនៈ “អាស៊ានដើម្បីអាស៊ាន (ASEAN For ASEAN) ហើយសម្តេចសូមគាំទ្រទាំងស្រុង នូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្តេចសូមគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅថ្ងៃស្អែកចេញពីក្រុងព្រះសីហនុ។ ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យ នៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឲ្យបាននូវភាពជឿជាក់ និងទុកចិត្តថាជា “គោលដៅទេសចរណ៍ អាស៊ានមានសុវត្ថិភាព” ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។

ក្នុងន័យនេះ សម្តេចសូមគាំទ្រនូវកម្មវិធី “ទេសចរណ៍វ៉ាក់សាំ​ង​” ដែលបានដាក់ចេញ នៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ ៣អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅនិងសុវត្ថិភាប៣។ សម្តេចតេជោ អំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ត្រូវធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ទទួលស្គាល់ ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ាន គិតគូរពិចារណាក្នុងការសម្រួលលក្ខខណ្ឌ នៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍ នៃការប្រុងប្រយ័ត្នខ្ពស់។

ទី៤ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោក ព្រមទាំងសមាគមទេសចរណ៍ ដៃគូអាស៊ាន គួរបន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ល្អៗ ជុំវិញការទាក់ទាញ និងអភិវឌ្ឍទេពកោសល្យដោយគិតគូរផងដែរ នូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេស​ចរណ៍ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីការអភិវឌ្ឍទេសចរណ៍អាស៊ាន ប្រកបដោយវៃឆ្លាតចីរភាព និងបរិយាប័ន្ន។

ទី៥ អាស៊ានត្រូវរួមគ្នាជំរុញការងើបឡើងវិញ នៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ និងឆ្ពោះទៅអនាគត កាន់តែប្រសើរជាងមុន ប្រកប​ដោយគុណភាព ចីរភាព និងបរិយាប័ន្ន ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាស៊ានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួ​យដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាពជាដៃគូរដ្ឋ-ឯកជន (PPP)ទាំងក្នុងប្រទេសតំបន់ និងសកលលោក សំដៅឆ្ពោះទៅរកការរីកចម្រើននៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ តាមគន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាពរបស់អាស៊ានទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here