ដោយៈគង់ សូរិយា
ភ្នំពេញៈ រហូតមកទល់ពេលនេះ កម្ពុជាមិនទាន់មានតំណាងការិយាល័យសភាពាណិជ្ជកម្មគ្រប់បណ្តារាជធានី ខេត្តនៅឡើយទេ ដែលទាមទារឲ្យមានការពង្រីកបន្ថែមនាពេលអនាគត។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍៍ឲ្យដឹងតាមបណ្តាញតេលេក្រាម កាលពីល្ងាចថ្ងៃទី១៩ មករាកន្លងមកថា បច្ចុប្បន្ននេះស្ថាប័ននេះ មានមណ្ឌលសភាពាណិជ្ជកម្មរួមបញ្ចូលគ្នា ដោយខេត្តពីរមានសភាពាណិជ្ជកម្មមួយរួមគ្នា ប៉ុន្តែនាពេលអនាគតយើងនឹងបង្កើតតំណាងការិយាល័យ សភាពាណិជ្ជកម្មលើគ្រប់២៥រាជធានីខេត្ត។
លោកបន្តថា “យើងនឹងបង្កើតការរិយាល័យ តំណាងសភាពាណិជ្ជកម្មលើខេត្តចំនួន៧ ដែលមិនទាន់មានតំណាង ការិយាល័យនៅឡើយ”។លោកបន្តថា “ដោយសេដ្ឋកិច្ចរបស់យើងរីកចម្រើន នៅគ្រប់បណ្តាខេត្តនិមួយៗ គោលដៅរបស់សភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាការចង់បាន របស់គណៈអភិបាលខេត្តនិមួយៗ ចង់បានឲ្យមានសភាពាណិជ្ជកម្មដាច់តែឯង ទើបសភាពាណិជ្ជកម្ម នឹងពង្រីកឲ្យបានគ្រប់បណ្តារាជធានី ខេត្តនាពេលខាងមុខ”។
លោកឧកញ៉ាលឹម ហេងបានបន្តថា ជាមួយគ្នានេះ យើងនឹងធ្វើការសាងសង់អាគារសភាពាណិជ្ជកម្ម ឲ្យបានគ្រប់បណ្តាខេត្តផងដែរ ដែលបច្ចុប្បន្ន យើងទើបមានអគារសភាពាណិជ្ជកម្ម តែបីប៉ុណ្ណោះនៅទូទាំងប្រទេសគឺអគារសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាគារពាណិជ្ជកម្មខេត្តត្បូងឃ្មុំ និងអាគារមណ្ឌលសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងមណ្ឌលគិរី។
លោកបន្តថា យើងកំពុងស្វែងរកថវិកាសាងសង់ មណ្ឌលសភាពាណិជ្ជកម្មនៅតាមបណ្តាខេត្តដែលនៅសល់ ដោយតំណាងសភាពាណិជ្ជកម្មនៅតាមបណ្តាខេត្តនិមួយៗ នឹងសហការជាមួយអភិបាលខេត្តនានា ដើម្បីស្វែងរកទីតាំងសមស្របសាងសង់ អគារសភាពាណិជ្ជកម្ម នៅតាមមូលដ្ឋានរបស់ខ្លួន៕