ស្រីលង្ការសាងសង់ទីក្រុងកំពង់ផែថ្មីផុសចេញពីផ្ទៃទឹកស្រស់ស្អាតមិនចាញ់ក្រុងឌូបៃ

0

ដោយៈសុខុម

កូឡុំបូ: ប្រទេសស្រីលង្កា កំពុងតែដំណើរការសាងសង់ទីក្រុងកំពង់ផែកូឡុំបូ (Colombo Port City) ដែលផុសចេញពីផ្ទៃទឹកមាត់ឆ្នេរនៃរដ្ឋធានីកូឡុំបូ  យ៉ាងស្រស់ស្អាតអស្ចារ្យ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃអង្គារ ទី១៨ មករា នេះ។

ផ្ទៃឆ្នេរសមុទ្រ នៅជាប់សង្កាត់ពាណិជ្ជកម្ម នៃរដ្ឋធានីកូឡុំបូ កំពុងត្រូវបានបូមខ្សាច់ចាក់បំពេញ ដើម្បីប្រែក្លាយទៅជាក្រុងបច្ចេកវិទ្យាជាន់ខ្ពស់ដែលនឹងរួមមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់លំនៅដ្ឋាន និងកំពង់ផែដែលស្រស់ស្អាតខ្លាំង មិនចាញ់ក្រុងឌូបៃ ម៉ូណាកូ ឬហុងកុង នោះឡើយ។

លោក Saliya Wickramasuriya មន្ត្រីមកពីគណៈកម្មាធិការសេដ្ឋកិច្ចទីក្រុងកំពង់ផែកូឡុំបូ (Colombo Port City Economic Commission) បានប្រាប់សារព័ត៌មាន BBC ថា ការបូបខ្សាច់លុបឆ្នេរសមុទ្រនេះ គឺដើម្បយកដីសាងសង់ទីក្រុងលំដាប់អន្តរជាតិ ដែលអាចប្រៀបផ្ទឹមបានជាមួយក្រុងឌូបៃ ឬ សូម្បីប្រទេសសិង្ហបុរី។

ប៉ុន្តែក្រុមអ្នករិះគន់ចោទសួរទៅរដ្ឋាភិបាលថា តើគម្រោងទីក្រុងកំពង់ផែកូឡុំបូ នេះនឹងអាចជួយស្ដារសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានកម្រិតណា។

សម្រាប់ជំហានចាប់ផ្តើមដំបូង ដើម្បីបូមខ្សាច់លុបឆ្នេរសមុទ្រឱ្យបានដីថ្មីទំហំ២,៦គីឡូម៉ែត្រការ៉េ ប្រទេសដែនកោះមួយនេះ ត្រូវការឱ្យក្រុមហ៊ុនចិន China Harbour Engineering Company (CHEC) បោះទុនវិនិយោគ១,៤ពាន់លានដុល្លារអាមេរិក។ ហើយជាថ្នូរត្រលប់មកវិញ ក្រុមហ៊ុនចិន មួយនេះនឹងទទួលបានចំណែក៤៣% នៃកិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំនេះ។

ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា គម្រោងនេះ នឹងត្រូវការពេលរហូតដល់ទៅប្រមាណ២៥ឆ្នាំ ទម្រាំបញ្ចប់ជាស្ថាពរ ហើយថាគម្រោងបែបនេះគឺគម្រោងដំបូងគេបង្អស់នៅអាស៊ីបូព៌ា។

ប្រទេសស្រីលង្កាបញ្ជាក់ថា ដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន និងតំបន់ដែលផ្ដល់ឱ្យទៅចិន នឹងត្រូវជួលឱ្យបណ្ដាក្រុមហ៊ុនអន្តរជាតិ ធនា​គារ និងក្រុមហ៊ុនផ្សេងៗទៀត។ ហើយរដ្ឋាភិបាលស្រីលង្កា ក៏ប្រហែលជាគិតពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនទាំងនោះផងដែរ។

តាមការរំពឹងទុក នឹងមានមនុស្សដល់ទៅប្រមាណ៨០.០០០នាក់រស់នៅក្នុងទីក្រុងថ្មីនេះ ដែលនឹងផ្ដល់ការអនុគ្រោះពន្ធ ដល់ក្រុមហ៊ុនដែលវិនិយោគ និងធ្វើអាជីវកម្មនៅទីនោះ។ រាល់ប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ រួមទាំងប្រាក់បៀវត្សរ៍ផង នឹងគិតជាដុល្លារអាមេរិក។

គម្រោងទីក្រុងកំពង់ផែនេះ ត្រូវបានប្រកាសជាផ្លូវការអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ទៅកាន់រដ្ឋធានីកូឡុំបូ ឆ្នាំ២០១៤ ពោលគឺមួយឆ្នាំបន្ទាប់ពីលោក បានប្រកាសចាប់ផ្ដើមនូវ “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ជាផែនការដ៏មហិច្ឆិតាក្នុងការកសាងផ្លូវថ្នល់ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រ ឆ្លងកាត់តំបន់អាស៊ី និងអឺរ៉ុប ដើម្បីជំរុញពាណិជ្ជកម្ម។

ប្រទេសស្រីលង្កា បានងាកទៅពឹងពាក់មហាមិត្តចិន សម្រាប់ជំនួយហិរញ្ញវត្ថុ ដើម្បីកសាងប្រទេសឡើងវិញ បន្ទាប់ពីសង្រ្គាមរ៉ាំរ៉ៃជាមួយក្រុមបំបែកខ្លួនតាម៊ឹលបានបញ្ចប់ក្នុងឆ្នាំ២០០៩៕BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here