មហាយក្សចិនមានផែនការពង្រីកបណ្ដាញផ្លូវដែកល្បឿនលឿនដែលវែងជាងប្រទេស៥រួមបញ្ចូលគ្នា

0

ដោយៈសុខុម

ប៉េកាំង: ប្រទេសចិន មានផែនការពង្រីកបណ្តាញផ្លូវដែក ល្បឿនលឿ​នលឿនរបស់ខ្លួនជិត៣២%នៅត្រឹមឆ្នាំ២០២៥ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង កំពុងពឹងផ្អែកជាថ្មីលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទប់ទល់ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២០ មករា នេះឱ្យដឹងថា ផែនការពង្រីកនេះនឹងធ្វើឱ្យបណ្ដាញផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិន វែងជាងប្រវែងសរុបនៃបណ្ដាញផ្លូវដែកល្បឿនលឿន ក្នុងប្រទេសចំនួន៥បញ្ចូលគ្នាទៅទៀត ដែលប្រទេសទាំងនោះ សុទ្ធតែជាប្រទេសមានបណ្ដាញផ្លូវដែក ល្បឿនលឿនធំៗបំផុត។

ប្រទេសសេដ្ឋកិច្ចធំបំផុទី២របស់ពិភពលោកមួយនេះ ក៏មានគម្រោងពង្រីកប្រព័ន្ធផ្កាយរណបបង្ហាញផ្លូវBeidou របស់ខ្លួនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងធ្វើការរឹតបន្តឹងការគ្រប់គ្រងទិន្នន័យដឹកជញ្ជូនផងដែរ នៅពេលការពឹងផ្អែកលើខ្លួនឯងផ្នែកបច្ចេកវិទ្យា និងសន្តិសុខជាតិបានក្លាយជាកិច្ចការអាទិភាពរបស់រដ្ឋាភិបាល។

យោងតាមផែនការដឹកជញ្ជូនរយៈពេល៥ឆ្នាំថ្មី ដែលក្រុមប្រឹក្សារដ្ឋ ឬ គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន បានបញ្ចេញកាលពីថ្ងៃអង្គារ ទី១៨ មករា ឱ្យដឹងថា ប្រទេសចិន ដែលមានបណ្តាញផ្លូវដែកល្បឿនលឿន ធំបំផុតរបស់ពិភពលោក នឹងពង្រីកប្រវែងបណ្ដាញផ្លូវដែក ល្បឿនលឿនរបស់ខ្លួនឱ្យឈានដល់៥០.០០០គីឡូម៉ែត្រ នៅត្រឹមឆ្នាំ២០២៥ ដែលវែងជាង១២.០០០គីឡូម៉ែត្របើធៀបនឹងប្រវែងត្រឹមដំណាច់ឆ្នាំ២០២០។

ផ្អែកតាមទិន្នន័យបានពី International Union of Railways ដែលជាស្ថាប័នឧស្សាហកម្មដឹកជញ្ជូនផ្លូវដែកអន្តរជាតិ ដែលមានការិយាល័យកណ្ដាលនៅទីក្រុងប៉ារីស ប្រទេសបារាំងបង្ហាញថា ប្រវែងផ្លូវដែកល្បឿនលឿ​ន ដែលពង្រីកបន្ថែមរបស់ប្រទេសចិន នេះគឺវែងជាងប្រវែងសរុបនៃបណ្ដាញផ្លូវដែកល្បឿនលឿនក្នុងប្រទេសអេស្ប៉ាញ ប្រទេសជប៉ុន ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ និងប្រទេសហ្វាំងឡង់ ទៅទៀតដែលមានប្រវែងបញ្ចូលគ្នាត្រឹមតែ១១.៩៥៤គីឡូម៉ែត្រ៕  South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here