ដោយៈជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ឋដា នឹងពន្យាលើការបង់ពន្ឋប្រាក់ចំណេញ មូលធនរហូតដល់ឆ្នាំ២០២៣ និងអាចពន្យាដល់ឆ្នាំ២០២៤ខាងមុខ។ នេះបើតាមប្រភពពីមន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពន្ឋដា។
មន្រ្តីដដែលបានបង្ហើបឲ្យដឹងថា ពន្ឋលើប្រាក់ចំណេញមូលធន ដែលគ្រោងអនុវត្តន៍៍នៅដើមឆ្នាំ២០២២នេះ នឹងត្រូវពន្យាពេលរហូតដល់ដំណាច់ឆ្នាំ២០២៣ ឬដល់ឆ្នាំ២០២៤ ដើម្បីជាការលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ១៩។
មន្រ្តីជាន់ខ្ពស់ដដែលបានបន្តថា ការចេញលិខិតផ្លូវការឬការប្រកាសពីការពន្យាពេល លើការបង់ពន្ឋលើប្រាក់ចំណេញមូលធន នឹងចាប់ផ្តើមនៅពេលខាងមុខនេះ ប៉ុន្តែលោកមិនបញ្ជាក់ពីពេលវេលាជាក់លាក់នោះទេ។
កាលពីចុងឆ្នាំ២០២១កន្លងមកនេះ រដ្ឋាភិបាលក៏បានពន្យាពេលលើការបង់ពន្ឋដល់អ្នកទិញលំនៅដ្ឋាន ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិកផងដែរ។
អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ស្វាគមន៍ព៌តមាននេះ ដោយលោកបានមានប្រសាសន៍ថា ការពន្យាពេលលើការយកពន្ឋ លើប្រាក់ចំណេញមូលធន ជារឿងល្អប្រសើរ ដែលមានន័យថា ប្រមុខរដ្ឋាភិបាលបានលើកទឹកចិត្ត ដល់វិស័យឯកជន ដែលជួបផលលំបាកក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ៕