អ្នកជំនាញបង្ហើបរបៀបបង្កើតប្រាក់ចំណូលក្នុងវិស័យអចលនទ្រព្យ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ អចលនទ្រព្យជាមុខជំនួញមួយដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា។ អ្នកមានល្បីៗ នៅក្នុងប្រទេសកម្ពុជា ជាច្រើនក៏បានលើកឡើងថា ជំនួញក្នុងវិស័យមួយនេះ ជារបរមួយដែលធ្វើឱ្យអ្នកប្រកបអាជីពនេះក្លាយជាអ្នកមានបាន។ អ្នកជំនាញមួយរូបលើកយកពីរបៀបបង្កើតប្រាក់ចំណូលក្នុងវិស័យអចលនទ្រព្យ៤ចំណុចដែលគួរយល់ដឹង។

លោក វ៉ា វីរៈ គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិបានឱ្យដឹងថា របៀបបង្កើតប្រាក់ចំណូលក្នុងវិស័យអចលនទ្រព្យមាន៤ចំនុចធំ រួមមាន ១. ការបង្កើតប្រាក់ចំណូលតាមរយៈការឡើងថ្លៃនៃអចលនទ្រព្យ។ ឧទាហរណ៍ ថាឆ្នាំនេះ ទិញដីក្នុងតម្លៃ១០០ដុល្លារអាមេរិក ដល់ឆ្នាំក្រោយវាឡើងដល់១២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រ ហើយកន្លែងខ្លះទៀត ក៏បានឡើងថ្លៃបន្តទៀត។

លោកថា”មានដីមួយកន្លែងកាលពី២០០៧ មានតម្លៃ ១៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយដល់ពេលនេះតម្លៃដីនៅកន្លែងនោះបានឡើងដល់៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។

លោកបន្តថា ការកើនឡើងនៃតម្លៃអចលនទ្រព្យ ជាធម្មតាគឺកើនឡើងដោយសារតែមានតម្រូវការខ្ពស់ ហើយបើគ្មានតម្រូវការនោះទេ ការកើនឡើងតម្លៃនៃអចលនទ្រព្យមិនអាចកើនឡើងខ្លាំងនោះទេ។ ជាក់ស្ដែង តម្លៃអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញបានកើនឡើងជាបន្តបន្ទាប់ ស្របពេលកំនើនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយតម្រូវការលំនៅឋានទីតាំងផ្ដល់សេវាកម្ម ឃ្លាំងរោងចក្រក៏បានកើនឡើងដែរ ។

របៀបទី២ ក្នុងការបង្កើតចំណូលពីអចលនទ្រព្យគឺចំនូល Cash Flow។ ការបង្កើតចំណូលនេះអាចជាការទិញផ្ទះដើម្បីទុកជួលបន្តសម្រាប់អ្នកធ្វើអាជីវកម្ម ហើយជាចំណូលប្រចាំខែមួយផងដែរ។ របៀបទី៣ជាការបង្កើតចំណូលតាមរយៈទាំងពីរគឺទិញវិនិយោគផង និងលក់យកចំណេញផង។ ក្នុងន័យនេះគឺគាត់ទិញហើយជួលបណ្ដើរនិងប្រកាសលក់ ដូច្នេះទំរាំតែអាចលក់បានគឺអាចរកចំណូលពីការជួលបានមួយចំនួន។

លោក វ៉ា វីរៈ បានបន្ថែមថា របៀបរកចំណូលមួយទៀត គឺការទិញសម្រាប់ខ្លួនឯង។ វិធីនេះ គឺការទិញអចលនទ្រព្យ ដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដូចជាការបម្រើដល់ការធ្វើអាជីវកម្មរបស់ខ្លួន ដោយមិនចាំបាច់ជួលទីតាំងជួលអចលនទ្រព្យ ក្នុងការធ្វើអាជីវកម្មរបស់ខ្លួននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here