ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ កំពង់ចាម ជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅជាប់ទន្លេមេគង្គ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យប្រចាំខេត្តនេះបានបញ្ជាក់ថា មានកត្តា៣ដែលនឹងជំរុញឱ្យខេត្តកំពង់ចាមកាន់តែមានសក្ដានុពលខ្ពស់ក្នុងវិស័យអចលនទ្រព្យ។
លោក ថេន សុថុល ប្រធានក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពង់ចាមបានឱ្យដឹង កត្តាទីតាំងភូមិសាស្ត្រ ចំនួនប្រជាជន និងសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាម បាននិងកំពុងរុញសក្ដានុពលការវិនិយោគអចលនទ្រព្យខេត្តនេះ កាន់តែមានសន្ទុះបន្ថែមទៀត។
លោកបន្តថា សម្រាប់ទីតាំងភូមិសាស្ត្រជាខេត្តមួយដែលប្រជាជនឬអ្នកធ្វើដំណើរត្រូវឆ្លងកាត់ទៅកាន់ខេត្តចំនួន៦ទៀត ជាក់ស្ដែងមុននឹងទៅដល់ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ត្បូងឃ្មុំ ដូច្នេះមានន័យថាខេត្តកំពង់ចាមជាខេត្តគោលមួយឬជាតំបន់ស្នូលនៃសេដ្ឋកិច្ចភាគខាងជើងឈៀងខាងកើត។
ម្យ៉ាងទៀតខេត្តកំពង់ចាមក៏ត្រូវបានចាត់ទុកជាខេត្តដែលមានប្រជាជនច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ដែលមានចំនួនប្រជាជនរហូតដល់ជាង១លាននាក់ ហើយខេត្តកំពង់ចាមក៏សំបូរអ្នករកស៊ីច្រើនដែរ។
លោកបន្ថែមទៀតថា មកដល់ពេលបច្ចុប្បន្ននេះ ខេត្តកំពង់ចាមក៏កំពុងទទួលបានការវិនិយោគមួយចំនួនផងដែរ ដូចជាគម្រោងរោងចក្រ ឧស្សាហកម្ម តំបន់សេដ្ឋកិច្ច ដែលអាចបង្កើតឱកាសការងារនិងប្រាក់ចំណូលដល់ប្រជាជនក្នុងខេត្តនេះក៏ដូចជាប្រជាជនមកពីខេត្តផ្សេងទៀត។
យ៉ាងណាក្ដី នៅក្នុងវិបត្តិកូវីដ១៩ ខេត្តកំពង់ចាមមិនមានអ្នកវិនិយោគចូលទៅទេ ហើយសកម្មភាពនៃការទិញលក់អចលនទ្រព្យនៅក្នុងខេត្តមួយនេះ ក៏មិនសូវមានដែរ ។ ក្រោយពេលវិបត្តិនេះបានធូរស្រាលបន្តិច ឃើញថាសកម្មភាពចាប់ផ្ដើមកម្រើកឡើងវិញ តែភាគច្រើនគឺជាអ្នកវិនិយោគក្នុងតំបន់ផ្ទាល់តែម្ដង។
លោកបន្ថែមថា ការវិនិយោគគម្រោងធំៗ នៅក្នុងខេត្តកំពង់ចាមមិនទាន់មាននៅឡើយទេ ដោយការវិនិយោគមួយចំនួនធំគឺជាគម្រោងវិនិយោគតូចៗ តែយ៉ាងណាក្ដីតម្លៃដីធ្លីនៅក្នុងខេត្តនេះបានចាប់ផ្ដើមឡើងថ្លៃជាបន្តបន្ទាប់ ជាពិសេសតម្លៃដីធ្លីនៅជាយក្រុងកំពង់ចាម បានហក់ឡើងពីជាង១០ដុល្លារអាមេរិក ដល់ជិត២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងពេលបច្ចុប្បន្ននេះ។
រដ្ឋាភិបាលគ្រោងនឹងពង្រីកផ្លូវជាតិលេខ៧ពីស្គន់ ទៅកាន់ទីរួមខេត្តកំពង់ចាមពី២គន្លងទៅ៤គន្លង ដែលនឹងធ្វើឱ្យសក្ដានុពលនៃខេត្តកំពង់ចាមកាន់តែមានភាពទាក់ទាញវិនិយោគិនច្រើនថែមទៀត ហើយក៏រំពឹងថាការវិនិយោគក្នុងខេត្តមួយនេះ កាន់តែកើនឡើងជាបន្តបន្ទាប់ផងដែរ៕