ដោយៈ សុផារី
ភ្នំពេញៈ គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបបាត់ដំបង ទៅកាន់ខេត្តកោះកុង នឹងត្រូវប្ដូរប្លង់តម្រាយផ្លូវ ដោយមិនសាងសង់ចោះកាត់ភ្នំក្រវាញទៀតទេ តែនឹងធ្វើវាងវិញដោយចំណាយបន្ថែម៦០លានដុល្លារទៀតដើម្បីថែររក្សាព្រៃឈើ និងបរិស្ថាន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៧ ខែមករានេះ។
លោកបានមានប្រសាសន៍ថា “ផ្លូវលេខ១០ មានការកែ Alignment ព្រោះប្លង់ចាស់ ត្រូវកាត់ចំកណ្ដាលភ្នំក្រវាញតែម្ដង ដែលប៉ះពាល់ដល់សត្វព្រៃ និងបរិស្ថាន”។ លោកបន្តថា “ដូច្នេះ ក្រសួងបានសហការនឹងក្រសួងបរិស្ថាន ក្រុមហ៊ុនសាងសង់ តាមជ្រើសរើសប្លងថ្មី ហើយបានស្នើទៅសម្ដេចនាយករដ្ឋមន្រ្តីដើម្បីប្ដូរ ដោយត្រូវប្រើថវិកាបន្ថែម ៦០ លានដុល្លារ”។
លោកបានបន្ដថា ការហ៊ានចំណាយ៦០លានដុល្លារបន្ថែមទៀតនេះ បង្ហាញថា កម្ពុជាយកចិត្តទុកដាក់ដល់បរិស្ថាន មិនមែនចង់តែធ្វើផ្លូវនោះទេ។
គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួនជាង១៩៨ គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិត ចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង១៧២១,៤៦ម៉ែត្រ ក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ។
តាមរយៈរបាយការណ៍សមិទ្ធផលសំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ប្រចាំឆ្នាំ២០២១ របស់ក្រសួង គិតមកដល់ពេលនេះ គម្រោងផ្លូវជាតិលេខ១០ សម្រេចបាន៥៦ភាគរយហើយ៕