ក្រុមហ៊ុន Toyota នៅប្រទេសថៃ រំពឹងការលក់ទទួលបានកំណើនខ្ពស់់នៅក្នុងឆ្នាំនេះ

0

ដោយៈ សុខុម

បាងកក: ក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ មករា ថា ខ្លួនរំពឹងថា ការលក់រថយន្តរបស់ខ្លួន នឹងទទួលបានកំណើន១៨,៥%ឈានដល់២៨៤.០០០គ្រឿងនៅឆ្នាំ២០២២ នេះ។

លោក Noriaki Yamashita ប្រធានក្រុមហ៊ុន Toyota Motor Thailand បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុន Toyota ដែលគ្រប់គ្រងប្រមាណ១ភាគ៣ នៃទីផ្សាររថយន្តទូទាំងប្រទេសថៃ លក់រថយន្តបាន២៣៩.៧២៣គ្រឿង ក្នុងប្រទេសនេះ ដោយធ្លាក់ចុះ១,៩%ក្នុងឆ្នាំ២០២១។

ក្រុមហ៊ុននេះ បានកំណត់គោលដៅនាំចេញរថយន្ត ឱ្យបានចំនួន៣៧១.០០០គ្រឿងនៅឆ្នាំនេះ ដោយកើនឡើង២៧% បើធៀបនឹងចំនួន២៩២.០០០គ្រឿង ដែលត្រូវបាននាំចេញកាលពីឆ្នាំមុន។

លោក Noriaki Yamashita បានបន្ថែមទៀតថា “វិបត្តិកូវីដ-១៩ ប្រហែលជានៅតែបន្តជះផលប៉ះពាល់ មកលើសេដ្ឋកិច្ចប្រទេសថៃ ប៉ុន្តែយើងរំពឹងថា ឧស្សាហកម្មរថយន្តថៃ នឹងវិលមករកភាពប្រក្រតីវិញជាបណ្តើរ​ៗ ជាមួយនឹងការចាប់ផ្តើមដំណើរការឡើងវិញ លើគ្រប់ចលករនៃសេដ្ឋកិច្ច ហើយប្រជាជន ក៏រៀនចេះពីរបៀបរស់នៅជាមួយកូវីដ-១៩ ដោយសុវត្ថិភាពហើយដែរ”។

លោកបានបញ្ជាក់បន្ថែមថា កង្វះនៃការផ្គត់ផ្គង់គ្រឿងបន្លាស់ ក៏នឹងធូរស្រាលជាបណ្ដើរៗហើយដែរ។

ប្រទេសថៃ គឺជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តក្នុងតំបន់សម្រាប់ក្រុមហ៊ុន ផលិតរថយន្តកំពូលរបស់ពិភពលោក រួមមាន ក្រុមហ៊ុន Toyota ក្រុមហ៊ុន Honda និងក្រុមហ៊ុន Mitsubishi ជាដើម។ ឧស្សាហកម្មនេះ មានគ្របដណ្ដប់ប្រមាណ១០% នៃផលិតផលក្នុងស្រុកសរុប (GDP) និងការងារផលិតកម្ម៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here