ក្រុមហ៊ុនផ្តល់សេវាកម្មតាក់ស៊ីUBER គ្រោងចូលទីផ្សារកម្ពុជាជាថ្មី

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សេវាកម្មហៅតាក់ស៊ី UBER របស់សហរដ្ឋអាមេរិក ដែលធ្លាប់ចូលមកកម្ពុជា ម្ដងរួចហើយកាលពីប៉ុន្មានឆ្នាំមុន និងបានត្រលប់ទៅវិញ ដោយសារតែមិនទទួលបានការគាំទ្រពីប្រជាជនកម្ពុជា។

យ៉ាងណាក៏ដោយសេវាកម្មមួយនេះ គ្រោងនឹងចូលមកកាន់ទីផ្សារកម្ពុជាឡើងវិញនៅពេលអនាគតដ៏ខ្លីនេះ។ នេះបើតាមការបញ្ជាក់ពីលោក ថូម៉ាស ស្ត្រេយ ប្រធានប្រតិបត្តិមូលនិធិ ENDEMAJ FUNDS និងជាសេដ្ឋីពាន់លាននៅឌុយប្រទេសអារ៉ាប់ ក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីពេលថ្មីៗនេះ ។

លោកថូម៉ាស ស្ត្រេយ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឱ្យដឹងថា មូលនីធិ ENDEMAJ FUNDS មានបំណងពិនិត្យលទ្ធភាពវិនិយោគលើវិស័យធនាគារ ការបង្កើតSUPER APP ការបើកសេវាកម្មតាក់ស៊ី UBER និងBITCOIN នៅប្រទេសកម្ពុជានាពេលអនាគត។

លោកបានបង្ហាញពីទំនាក់ទំនង រវាងមូលនីធិENDEMAJ FUNDS និងក្រុមហ៊ុនធំៗ មួយចំនួននៅប្រទេសចិន ដូចជា Sinopharm ជាដើមដែលអាចជាកត្តាមួយងាយស្រួល ដល់មូលនីធិរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិនបានចូលជាធរមានជាផ្លូវការផងដែរ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងជួយសម្របសម្រួលជាមួយធនាគារជាតិ ក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាមួយចំនួនទៀត ដើម្បីពិនិត្យលទ្ធភាពធ្វើឱ្យការវិនិយោគ នៃកើតមានឡើងនៅក្នុងប្រទេ​សកម្ពុជា ។

លោកប៉ាន សូរសក្ដិបានអំពាវនាវឱ្យក្រុមហ៊ុន ដែលចាប់អារម្មណ៍ចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា លើគ្រប់វិស័យ ទាំងវិស័យធុរកិច្ច វិនិយោគ ទេសចរណ៍ ធនាគារ សាធារណការ សំណង់ កសិកកម្ម អាចមកទស្សនកិច្ចនៅកម្ពុជា និងជួបពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពលលើការវិនិយោគ ទៅតាមវិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here