ដោយៈគង់ សិរីជេស៊ីកា
អាមេរិកៈ ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកកំពុងត្រៀមប្រើប្រាស់ច្បាប់ថ្មីមួយ ជាឧបករណ៍៍របស់ខ្លួន ដើម្បីទប់ល្បឿននៃការឈានឡើងទៅកាន់អំណាចទី១របស់ពិភពលោករបស់ប្រទេសចិន។
ជាក់ស្តែងសភាជាន់ទាបសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះបានពន្លឿនមួយឈ្មោះថា ច្បាប់ស្តីពីការប្រកួតប្រជែងអាមេរិក ដែលមានទឹកប្រាក់រាប់សិបប៊ីលានដុល្លារ ដែលមានបំណងបង្កើនការប្រកួតប្រជែងរបស់អាមេរិកជាមួយប្រទេសចិន និងបង្កើនការផលិតឧបករណ៍ពាក់កណ្តាលចម្លងអាមេរិក ដោយកំពុងពន្លឿនឆ្ពោះ ទៅរកការអនុម័តពេញលេញ នៅសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden មកពីគណបក្សប្រជាធិបតេយ្យបាន និងកំពុងធ្វើការងារ ដើម្បីបញ្ចុះបញ្ចូលសភាទាំងពីរថ្នាក់ឱ្យអនុម័តច្បាប់នេះ ដែលរួមបញ្ចូលទឹកប្រាក់ចំនួន៥២ពាន់លានដុល្លារ ដើម្បីផ្តល់ឧបត្ថម្ភធនដល់ផលិតកម្ម និងការស្រាវជ្រាវវិស័យឧបករណ៍ពាក់កណ្តាលចម្លង ខណៈដែលបញ្ហាកង្វះខាតគ្រឿងបង្គុំសំខាន់ៗ ដែលប្រើប្រាស់ក្នុងរថយន្ត និងកុំព្យូទ័រកាន់តែមានភាពធ្ងន់ធ្ងរ ដោយសារបញ្ហាចង្វាក់ផលិតកម្ម។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សភាជាន់ទាបដែលគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ បានអនុម័តច្បាប់នេះដោយសំឡេង២១៩ ទល់នឹង២០៣។ ក្រុមអ្នកជំនួយការសភាជាន់ទាបបានឱ្យដឹងថា ពួកគេរំពឹងថានឹងមានការបោះឆ្នោតអនុម័តច្បាប់ ពេញលេញនៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីពិចារណាកែប្រែមួយចំនួន។
ច្បាប់ស្តីពីការប្រកួតប្រជែងអាមេរិកនេះ មានបទប្បញ្ញត្តិពាណិជ្ជកម្មមួយចំនួន ហើយក៏នឹងអនុម័តទឹកប្រាក់ចំនួន៨ពាន់លានដុល្លារ សម្រាប់ធ្វើជាវិភាគទានរបស់អាមេរិក ចំពោះមូលនិធិអាកាសធាតុបៃតង (Green Climate Fund) ដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានស្នើឱ្យមានការកែប្រែដោយដកចេញការផ្តល់មូលនិធិនេះ ចំណែកសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យចង់បង្កើនមូលនិធិនេះចំនួន ៣ប៊ីលានបន្ថែមទៀត។
អ្នកនាំពាក្យសភាលោកស្រី Nancy Pelosi បានឱ្យដឹងកាលពីសប្តាហ៍មុនថា ច្បាប់ដែលមានកម្រាស់២.៩០០ទំព័រនេះ នឹងជួយបង្កើនការវិនិយោគក្នុងវិស័យឈីប បង្កើនការផលិត និងការស្រាវជ្រាវអាមេរិក និងព ន្លឿនភាពនាំមុខរបស់អាមេរិក ខណៈដែលកំពុងប្រជែងជាមួយប្រទេសចិនដែលកំពុងស្ទុះងើបឡើង។
សមាជិកសភា មកពីគណបក្សសាធារណរដ្ឋបានលើកឡើងថា គណបក្សប្រជាធិបតេយ្យ មិនបានរួមបញ្ចូលទឹកប្រាក់នេះ នៅក្នុងការធ្វើសេចក្តីព្រាងច្បាប់នេះទេ។ ពួកគេបានរិះគន់យ៉ាងចាស់ដៃ ទៅលើបទប្បញ្ញត្តិស្តីពីអាកាសធាតុ និងថាបទប្បញ្ញត្តិទាំងនេះ អាចត្រូវបានប្រើប្រាស់ ដើម្បីជួយទីក្រុងប៉េកាំង៕