ខេត្តជាប់មាត់សមុទ្រកាន់តែបង្ហាញសក្ដានុពលក្នុងការទាក់ទាញវិនិយោគិន

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ខេត្តចំនួន៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា បាននិងកំពុងបង្ហាញពីសក្ដានុពលនៃការទាក់ទាញអ្នកវិនិយោគទៅបណ្ដាក់ទុនបន្ថែមទៀត ស្របពេលរាជរដ្ឋាភិបាលក៏បានកំណត់យកខេត្តនៃតំបន់សមុទ្រជាគោលដៅវិនិយោគរបស់ខ្លួនផងដែរ។

ខេត្តទាំង៤ រួមមានខេត្តព្រះសីហនុ កែប កំពត និងកោះកុង ត្រូវបានមើលឃើញថាកំពុងតែមានការចាប់អារម្មណ៍ចូលទៅបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ពីវិនិយោគិនក្នុងនិងក្រៅប្រទេស។ ក្នុងនោះដែរ ខេត្តព្រះសីហនុត្រូវបានមើលឃើញថាមានភាពលេចធ្លោរនិងទទួលបានការវិនិយោគច្រើនជាងគេទៅហើយ ជាពិសេសវិនិយោគិនមកពីប្រទេសចិន ហើយក៏កំពុងមានគម្រោងវិនិយោគលើគម្រោងធំៗបន្តបន្ទាប់។

ខេត្តកោះកុងក៏ទទួលបានគម្រោងវិនិយោគធំៗដែរក្នុងរយៈពេលកន្លងមកនេះ ដូចជាគម្រោងវិនិយោគទៅលើតំបន់វិស្សមកាលតារាសាគររបស់វិនិយោគិនចិន ហើយថ្មីៗនេះក៏មានគម្រោងវិនិយោគពីបរទេសជាច្រើនទៀតកំពុងសម្លឹងទៅរកការវិនិយោគក្នុងខេត្តមួយនេះដែរ។

ក្រលេកទៅមើលខេត្តកំពត និងកែប ក៏មានគម្រោងវិនិយោគច្រើនដែរចូលទៅដាក់ទុន ជាពិសេសទៅលើគម្រោងវិនិយោគតំបន់លំហែកាយ ដោយមានក្រុមហ៊ុនក្នុងស្រុកជាច្រើនបានចូលទៅដាក់ទុនក្នុងការវិនិយោគលើរីសត ដីឡូត៏លំហែកាយនិងផ្ទះលំហែកាយជាដើម។

លោកកែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងថា នៅក្នុងខេត្តកំពត មានគម្រោងវិនិយោគមួយចំនួនបានក្លាយជាធ្នាក់ក្នុងការទាក់ទាញការវិនិយោគពីវិនិយោគិនក្នុងនិងក្រៅប្រទេសជាច្រើនទៀត ចូលមកបណ្ដាក់ទុនវិនិយោគ ក្នុងនោះយើងមានកំពង់ផែទេសចរណ៍អន្តរជាតិនិងផែពុបំណង នៅក្នុងខេត្តកំពត មានគម្រោងសាងសង់អគារខ្ពស់របស់វិនិយោគិនក្នុងស្រុក និងគម្រោងវិនិយោគលំនៅឋានលំហែកាយដ៏ធំមួយបែបប្រណីតជាដើម ។ ក្រៅពីនេះ ខេត្តកំពតក៏មានរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀតដែលអាចទាក់ទាញការវិនិយោគពីក្នុងនិងក្រៅប្រទេសបន្ថែមផងដែរ ។

លោកបន្តថា បច្ចុប្បន្ននេះ ផ្លូវ២ខ្សែក៏បានធ្វើឱ្យខេត្តនៃតំបន់សមុទ្រកាន់តែខិតជិតគ្នាដូចជាផ្លូវជាតិលេខ៤៣ និងផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ៤មកកាន់រមណីយដ្ឋានបូកគោផ្ទាល់តែម្ដង ។តាមរយៈផ្លូវទាំង២នេះនឹងធ្វើឱ្យខេត្តកោះកុងក្រុងព្រះសីហនុ និងកំពតកាន់តែជិតគ្នា សម្រួលដល់ការធ្វើដំណើររបស់វិនិយោគិន ទេសចរ និងប្រជាពលរដ្ឋដែលត្រូវការទៅកាន់ទឹកដីនៃខេត្តទាំងនោះ។

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាក៏បានលើកឡើងពីគម្រោងសាងសង់ផ្លូវសំខាន់ៗ នៅក្នុងខេត្តនៃតំបន់សមុទ្របន្ថែមផងដែរ ដែលជាទិសដៅនៃការអភិវឌ្ឍរបស់រដ្ឋាភិបាលទៅលើគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ ក្នុងនោះគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុក៏ជាសក្ដានុពលដ៏ធំមួយសម្រាប់ខេត្តព្រះសីហនុ និងខេត្តកោះកុងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here