ដោយៈ សូរិយា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា វិស័យឯកជនដែលរួមមាន ផលិតករ និងអ្នកនាំចេញ ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ RCEP និងទម្រង់ CCFTA អាចចុះឈ្មោះ បានតាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម (អនឡាញ)របស់ក្រសួង ចាប់ពីពេលនេះតទៅ។
នៅក្នុងសេចក្តីជូនដំណឹង ដែលចុះនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា យោងតាមប្រកាសឱ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP) និងព្រះរាជក្រម ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ប្រកាសឱ្យប្រើច្បាប់ស្ដី ពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្ម នឹងដាក់ឱ្យអនុវត្តនូវវិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញទម្រង់ទាំងពីរប្រភេទខាងលើនេះ តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម។
ក្នុងន័យនេះ អ្នកនាំចេញទំនិញ ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់RCEP សម្រាប់ការនាំចេញទំនិញទៅកាន់បណ្តាទីផ្សារអាស៊ាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េ និងនូវែលសេឡង់ និងទម្រង់ CCFTA សម្រាប់ការនាំចេញទំនិញ ទៅកាន់ទីផ្សារចិន អាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធស្វ័យប្រវត្តកម្មដែលមានគេហទំព័រ https://co.moc.gov.kh/ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ចំពោះព័ត៌មានលម្អិត ដែលទាក់ទងនឹងការអនុវត្តវិធានបញ្ជាក់ដើមកំណើតទំនិញ (Rules of Origin) និងនីតិវិធី ប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures) នៃទម្រង់ទាំងពីរនេះ អ្នកមានបំណងទាំងអស់ អាចចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម https://co.moc.gov.kh/ ឬតាមរយៈមន្រ្តីនាយក ដ្ឋាននាំចេញ នាំចូល នៃក្រសួងពាណិជ្ជកម្ម៕