តើទីផ្សារទិញលក់លំនៅដ្ឋានមានសភាពដូចម្តេចក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ?

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយកន្លងមកនេះ សកម្មភាពនៃការទិញលក់លំនៅដ្ឋានឃើញថា មានការថមចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែអ្នកអភិវឌ្ឍន៍នៅតែបន្តសកម្មភាព លើការអភិវឌ្ឍគម្រោងរបស់ខ្លួនដដែល ពី​ព្រោះតែគេមើលពីតម្រូវការលំនៅដ្ឋាន ទោះបីស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី។

អ្នកជំនាញ នៃវិស័យលំនៅដ្ឋានលោកឡុង គឹមសួរអគ្គនាយកនៃក្រុមហ៊ុនCentury 21 Advanced Property បានមានប្រសាសន៍ថា ទីផ្សារបុរីលំនៅដ្ឋាន នៅក្នុងប្រទេសកម្ពុជាយើងឃើញថា ការលក់មានការថយចុះបន្តិចបន្តួច តែតម្រូវការនៅតែមាន ក្នុងនោះ ការទិញផ្ទះសម្រាប់ស្នាក់នៅ គឺនៅតែមានខ្ពស់ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ក្នុងប្រទេសកម្ពុជាបន្តធ្វើសកម្មភាពនៃការសាងសង់ ដើម្បីបំពេញតម្រូវការជាក់ស្ដែង។

លោកបន្តថា ការសាងសង់គម្រោងលំនៅដ្ឋាន នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ ឃើញថាបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង”។ លោកបន្ថែមថា “តម្រូវការលំនៅដ្ឋាន ក្នុងប្រទេសកម្ពុជាយើងក៏នឹងរំពឹងថា នឹងមានកំណើនខ្ពស់បន្ថែមទៀត ដែលទាមទារឱ្យមានការអភិវឌ្ឍលំនៅឋានកាន់តែច្រើនថែមទៀត”។

លោកឡូង គឹមសួគ៌បានសម្តែងសុទិដ្ឋិនិយមថា នៅក្នុងពេលអនាគត សេដ្ឋកិច្ចប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្តទៀត ហើយប្រាក់ចំណូលប្រ​ជា​ជនក៏នឹងកើនឡើង ដូច្នេះតម្រូវការទិញលំនៅដ្ឋានរបស់ពលរដ្ឋ ក៏នឹងកើនឡើង ស្របពេលប្រជាពលរដ្ឋ មិនទាន់មានលំនៅដ្ឋានផ្ទាល់ខ្លួនក៏ច្រើនដូចគ្នា។

លោកឡុង គឹមសួគ៌បានបន្តថា ម្យ៉ាងទៀត ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅកណ្ដាលក្រុង ក៏បានផ្លាស់ប្តូរទៅរស់នៅតំបន់ជាយៗក្រុង ផ្លាស់ប្តូរមករស់នៅក្នុងបុរី ដែលមានការគ្រប់គ្រង និងសណ្ដាប់ធ្នាប់ល្អកាន់តែច្រើន ធ្វើឱ្យលំនៅឋានជាបុរីមានតម្រូវការខ្ពស់ និងមានការទិញលក់ជាហូរហែទោះបីក្នុងវិបត្តិនៃកូវីដ១៩ក្ដី ។

លោកបានបន្តទៀតថា កត្តាដែលជំរុញឱ្យសកម្មភាព នៃការទិញលក់ លំនៅដ្ឋាន នៅក្នុងប្រទេសកម្ពុជាមានកំណើនខ្ពស់ ក៏មានហេតុផលមួយចំនួនផងដែរ ដូចជាប្រាក់ចំណូលប្រជាជន និងការផ្ដល់ឥណទានលើលំនៅឋានពីធនាគារ ក៏មានភាពទូលំទូលាយជាងមុន ដែលធ្វើឱ្យអ្នកដែលមានបំណងទិញផ្ទះ សម្រាប់ស្នាក់នៅមានលទ្ធភាពខ្ពស់ ក្នុងការទិញលំនៅដ្ឋានដោយរំលស់ជាមួយធនាគារ  ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍៍លំនៅដ្ឋានកម្ពុជា អ្នកឧកកញ៉ាលី ហួរបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់ ហេតុនេះទើបអ្នកអភិវឌ្ឍន៍ទាំងចាស់ ទាំងថ្មីបាននិងកំពុងបន្តវិនិយោគគំរោងរបស់ពួកគេ ដោយសារពួកគេមើលឃើញតម្រូវការទីផ្សារ។

លោកបន្តថា “ចាប់ពីចុងឆ្នាំមុន រហូតដល់ឆ្នាំនេះសមាជិកសមាគម ដដែលជាអ្នកអភិវឌ្ឍន៍បុរីធំៗ បានបន្តគំរោង និងពង្រីកគំរោងរបស់ពួកគេជាបន្តបន្ទាប់ ដើម្បីឆ្លលយតបតម្រូវការទីផ្សារ ដែលមានកាន់តែច្រើន”។

យោងតាមការសិក្សារបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់ ដោយបើគិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំាំ២០៣០ កម្ពុជាត្រូវការលំនៅដ្ឋានជាង៨០ម៉ឺនខ្នងនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here