ចំណេះដឹង! កម្ពុជារៀបចំវេទិកា​បូអាវ​សម្រាប់​អាស៊ី-សន្និសីទភ្នំពេញ

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ប្រទេសកម្ពុជានឹងរៀបចំវេទិកាបូអាវសម្រាប់អាស៊ី ដ៏ធំមួយក្រោមប្រធានបទការស្វែងរក​ការ​អភិវឌ្ឍនិងភាពឈ្នះ-ឈ្នះ​រួមគ្នា៖កិច្ចប្រឹងប្រែងរួមគ្នា​ក្នុងការនាំមកនូវ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម​រវាងកម្ពុជា-ចិន ក្នុង​សម័យកាលថ្មីមួយ។
វេទិកាដ៏មានសារៈសំខាន់នេះ នឹងប្រារពធ្វើចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។


សន្និសីទនេះនឹងមានអ្នកជំនួញ និងឥស្សរជនជាន់ខ្ពស់ជាច្រើននៅកម្ពុជា និងមកពីក្រៅប្រទេសដូចជា លោកលី បាវដុងអគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា។ លោកបណ្ឌិតស៊ូរ៉ាគៀត សាធីរ៉ាថៃអតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសថៃ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលោកស្យុង បូ លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអនរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភានិងអធិការកិច្ចជាដើម។
តើអ្វីទៅជាវេទិកាបូអាវសម្រាប់អាស៊ី?
វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិដែលមិនស្វែងរកប្រាក់ចំណេញ និងមានកាលបរិច្ឆេទសម្រាប់ធ្វើសន្និសីទនិងមានទីស្នាក់ការអចិន្ត្រៃយិ៍ច្បាស់លាស់។

 Pop
វេទិកាបូអាវ​សម្រាប់​អាស៊ី ត្រូវ​បានស្នើបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយលោក Fidel V. Ramos អតីតប្រធានាធិបតីហ្វីលីពីន លោក Bob Hawke អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក Morihiro Hosokawa អតីតនាយករដ្ឋមន្ត្រីជប៉ុន។ វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០០១ និង​មានទីស្នាក់ការអចិន្រ្តៃយ៍នៅទីក្រុងបូអាវ​ ខេត្តហៃណាន ប្រទេសចិន។ ចាប់ពីឆ្នាំ២០០២ មក វេទិកាបូអាវសម្រាប់អាស៊ី បានរៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងបូអាវ។
វេទិកាបូអាវសម្រាប់អាស៊ី បានទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសអាស៊ី និងទទួលបានការចាប់អារម្មណ៍ យ៉ាងទូលំទូលាយនៅទូទាំងសាកលលោក។ បច្ចុប្បន្ននេះ វេទិកាបូអាវសម្រាប់អាស៊ី បានក្លាយទៅជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់ការសន្ទនាគ្នាក្នុងចំណោមថ្នាក់ដឹកនាំរដ្ឋាភិបាលកម្រិតជាតិ ក្នុង​ចង្កោមថ្នាក់ដឹកនាំវិស័យឧស្សាហកម្មនិងធុរកិច្ច និងក្នុង​ចង្កោមអ្នកប្រាជ្ញនៃបណ្តាប្រទេសនៅទ្វីបអាស៊ី និងទ្វីបដទៃទៀត ដែលធ្វើ​ការសន្ទនាគ្នាអំពីបញ្ហាសំខាន់ៗ នៅទ្វីបអាស៊ីនិងពិភពលោកទាំងមូល។ វេទិកាបូអាវសម្រាប់អាស៊ី មាន​គោលដៅលើកកម្ពស់បណ្តាប្រទេសអាស៊ី ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមតាមរយៈការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។


គោលបំណងនៃវេទិកាបូអាវសម្រាប់អាស៊ី គឺដើម្បី​បង្កើតមូលដ្ឋានខ្លួនឯងនៅក្នុងអាស៊ី ហើយជំរុញនិងធ្វើឲ្យស៊ីជម្រៅនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ី និងរវាងអាស៊ីជាមួយផ្នែកផ្សេងទៀតនៃពិភពលោក។ វេទិកានេះក៏មានគោលបំណងផ្តល់នូវវេទិកាសន្ទនាថ្នាក់ខ្ពស់សម្រាប់រដ្ឋាភិបាល សហគ្រាស អ្នកជំនាញ និងអ្នកប្រាជ្ញ ដើម្បីពិភាក្សាគ្នាអំពីសេដ្ឋកិច្ច សង្គម និងបរិស្ថាន និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។ តាមរយៈបណ្តាញការងាររបស់ខ្លួន ជាមួយនឹងរង្វង់នយោ​បាយ ពាណិជ្ជកម្ម និងការសិក្សាអប់រំ វេទិកាបូអាវសម្រាប់អាស៊ី នឹងបំពេញមុខងារក្នុង​ការ​លើកម្ពស់ភាពរីកចម្រើន​នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងចំណោមសមាជិករបស់ខ្លួន និងរវាងសមាជិករបស់ខ្លួននិងអង្គភាពដទៃទៀត។
ប្រវត្តិ
ចាប់ពីទសវត្សឆ្នាំ១៩៥០មក តាមរយៈកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់បណ្តាប្រទេសនៃទ្វីបអាស៊ី ពួកគេបានសម្រេចនូវសមិទ្ធិផល គួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ហើយឥទ្ធិពលរបស់ពួកគេលើកិច្ចការក្នុងតំបន់និងអន្តរជាតិបានកំពុងកើនឡើងជាលំដាប់។ ក្នុងអំឡុងពេលពីពីរទៅបីទសវត្សរ៍កន្លងទៅនេះ សេដ្ឋកិច្ចអាស៊ីទាំងមូលបានកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ សេដ្ឋកិច្ចនៃអាស៊ីបូព៌ាកំពុងបន្តអភិវឌ្ឍទៅមុខ ដោយត្រូវបានពិភពលោកចាត់ទុកថា ជាអព្ភូតហេតុអាស៊ីបូព៌ា ដែលក្លាយជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំ និងអស្ចារ្យបំផុតនៅក្នុងសតវត្សរ៍នេះ។ ទោះបីបណ្ដាប្រទេសនៅអាស៊ីបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិហិរញ្ញវត្ថុនៅចុងសតវត្សទី២០ក៏ដោយ ក៏សេដ្ឋកិច្ច​របស់ប្រទេសទាំងនេះត្រូវបានស្តារឡើងវិញយ៉ាងរហ័ស តាមរយៈការកែសម្រួលនិងកំណែទម្រង់ដោយខ្លួនឯង។
ដោយសារបណ្តាប្រទេសភាគច្រើននៅអាស៊ី បន្តអនុវត្តគោលនយោបាយបើកចំហ ដូច្នេះទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងពួកគេ ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ហើយកិច្ចសហប្រតិបត្តិការក្នុងទម្រង់ផ្សេងៗ ដូចជា ទ្វេភាគី ថ្នាក់តំបន់ អនុតំបន់ និងឆ្លងតំបន់ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររបស់ពួកគេនៅក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម ហិរញ្ញវត្ថុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការដឹកជញ្ជូន និងវប្បធម៌កំពុងបន្តកើនឡើង។
យន្តការអាស៊ាននិងចិន ជប៉ុន និងកូរ៉េខាងត្បូង (១០+៣) បានឈានចូលជាដំណាក់កាលដ៏សំខាន់មួយ។​ កិច្ចសហប្រតិបត្តិការអនុតំបន់ ដូចជា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេ មេគង្គ និងសមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការតំបន់កំពុងតែដំណើរការ។ កិច្ចសហប្រតិបត្តិការឆ្លងតំបន់ ដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) និងវេទិកាអាស៊ីបូព៌ា-អាមេរិកឡាទីន (EALAF) ក៏កំពុងដំណើរការទៅមុខផងដែរ។ តាមការព្យាករណ៍ ទស្សនវិស័យនៃការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីនឹងមានភាពរឹងមាំ។
នៅសតវត្សរ៍ទី២១ សកលភាវូបនីយកម្មសេដ្ឋកិច្ច និងតំបន់ភាវូបនីយកម្មបន្តមានការអភិវឌ្ឍ។ ជាមួយនឹងការបន្តពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចអឺរ៉ុប និងតំបន់ពាណិជ្ជកម្មសេរីអាមេរិកខាងជើង ដែលបន្តមានការអភិវឌ្ឍ។ បណ្តាប្រទេសនៅអាស៊ីទទួលបានឱកាសដ៏អស្ចារ្យ ក៏ដូចជា ប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន។ ទាំងនេះតម្រូវឱ្យពួកគេពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ជាមួយផ្នែកផ្សេងទៀតនៃពិភពលោក និងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការគ្នា។ ជាការពិត ឥឡូវនេះវាគឺជាកិច្ចការរួមមួយសម្រាប់ពួកគេ ដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងដោយសកលភាវូបនីយកម្ម ដើម្បីរក្សាកំណើនសេដ្ឋកិច្ចល្អរបស់ អាស៊ី និងពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរបស់ពួកគេ។
ទោះបណ្ដា​ប្រទេសនៅអាស៊ី បានចូលរួមក្នុងសន្និសីទ និងអង្គការអន្តរជាតិជាច្រើនដូចជា APEC និង PECC ក្តី ក៏ជារួមអាស៊ីខ្វះនូវវេទិកាមួយដែលដឹកនាំដោយអាស៊ីផ្ទាល់ និងបង្កើតឡើងតាមទស្សនវិស័យផ្ដោតលើ​ផលប្រយោជន៍ និងទស្សនៈរបស់អាស៊ី ហើយ​វេទិកានេះ គឺជាវេទិកាដែលមានគោលដៅ សម្រាប់ធ្វើការពិភាក្សាអំពីបញ្ហានៅអាស៊ី និងមានបំណងពង្រឹង​កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទៅវិញទៅមក​ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី និងរវាងបណ្តាប្រទេសនៅអាស៊ីនិងផ្នែកផ្សេងទៀតនៃពិភពលោក។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ នាខែកញ្ញា ឆ្នាំ១៩៩៨ អតីតប្រធានាធិបតីហ្វីលីពីន លោក Fidel V. Ramos អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Bob Hawke និងអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Morihiro Hosokawa បានស្នើបង្កើតវេទិកាអាស៊ីមួយដែលស្រដៀងនឹងវេទិកាសេដ្ឋកិច្ចពិភពលោកដែលមានទីស្នាក់ការនៅដាវ៉ូស។
គោល​គំនិតនៃ “វេទិកាអាស៊ី” ដែលត្រូវបានគេលើកឡើងម្តងហើយនោះ ត្រូវបានទទួលយកជាឯកច្ឆន្ទពីបណ្តាប្រទេសនៅអាស៊ី។ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៩៩ នៅទីក្រុងប៉េកាំង ឯកឧត្តម ហ៊ូ ជីនតាវ អនុប្រធានាធិបតីចិនបានជួបជាមួយ ឯកឧត្តម Fidel V. Ramos និង ឯកឧត្តម​ Bob Hawke ដែលបានមកប្រទេសចិន ដើម្បីពិភាក្សាជាពិសេសអំពីវេទិកាអាស៊ី។ បន្ទាប់ពី ឯកឧត្តម Fidel V. Ramos និង ឯកឧត្តម​ Bob Hawke ដែល​ជាអ្នក​ផ្ដួចផ្ដើម​នៃវេទិកានេះបាន​រៀបរាប់សង្ខេបរួច ឯកឧត្តម ហ៊ូ ជីនតាវ បានជម្រាបថា រដ្ឋាភិបាលចិនតែងតែគាំទ្រ និងផ្ដល់​សារៈសំខាន់​ចំពោះកិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនាថ្នាក់​តំបន់នៅពហុកម្រិត និងតាមមធ្យោបាយនិងទម្រង់ចម្រុះ។
ឯកឧត្តមបានចាត់ទុកការបង្កើតវេទិកានេះ មានអំណោយផលក្នុងការលើកកម្ពស់ការយល់ដឹង ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។ រដ្ឋាភិបាលចិននឹងយកគំនិតនេះ មកសិក្សា​ដោយប្រុងប្រយ័ត្ននិងជាវិជ្ជមាន ហើយនឹងផ្តល់នូវការគាំទ្រនិងកិច្ចសហប្រតិបត្តិការចាំបាច់ទាំងអស់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហ៊ូ ជីនតាវ បានសង្កត់ធ្ងន់ថា ដោយសារការទទួលស្គាល់ ការយល់ដឹង និងការគាំទ្ររបស់រដ្ឋាភិបាលពាក់ព័ន្ធមានសារៈសំខាន់ចំពោះការបង្កើតវេទិកានេះ ចិនមានបំណងចង់ដឹងថែមទៀតអំពីការឆ្លើយតបរបស់ប្រទេសដទៃលើបញ្ហានេះ។ ជាការឆ្លើយតបពីរដ្ឋាភិបាលនៃបណ្តាប្រទេសពាក់ព័ន្ធនៅអាស៊ី ចិន​ទទួលបាន​លទ្ធផល​ជាវិជ្ជ​មាន។
អាស្រ័យហេតុនេះ ពិធីសម្ពោធវេទិកាបូអាវ​សម្រាប់​អាស៊ី ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី២៦-២៧ ខែកុម្ភៈឆ្នាំ២០០១ នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ អតីតមេដឹកនាំនៃប្រទេសចំនួន២៦ រួមមាន ឯកឧត្តម Fidel V. Ramos អតីតប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Bob Hawke អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្តម Yasuhiro Nakasone អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Sergey Terechshenko អតីតនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន និង ឯកឧត្តម PunsalmaaOchirbat អតីតប្រធានាធិបតីម៉ុងហ្គោលី បានចូលរួមក្នុងពិធីនេះ។
ឯកឧត្តម Jiang Zemin ប្រធានាធិបតីចិន លោកបណ្ឌិត Mahathir bin Mohammad នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម H.M. BirendraBirBikram Shah Dev ដែលជាស្តេចចុងក្រោយប្រទេសនេប៉ាល់ និងឯកឧត្តម Nguyen Manh Cam ឧបនាយករដ្ឋមន្រ្តីវៀតណាម ក៏បានចូលរួមជាភ្ញៀវកិត្ដិយសថ្លែងសុន្ទរកថាក្នុង​ពិធីសម្ពោធនេះផងដែរ។ វេទិកា​បូអាវ​សម្រាប់​អាស៊ី ត្រូវបានដាក់ដំណើរការជាផ្លូវការនៅក្នុងពិធីសម្ពោធនេះ។ សេចក្តីប្រកាសស្តីពីវេទិកា​បូអាវ​សម្រាប់​អាស៊ី និងគោលការណ៍ណែនាំនៃធម្មនុញ្ញរបស់វេទិកា​បូអាវ​សម្រាប់​អាស៊ី ក៏ត្រូវបាន អនុម័តក្នុងពិធីសម្ពោធនេះដែរ។ ពិធីសម្ពោធនេះគឺជាជោគជ័យដ៏ធំធេង ហើយទទួលបានចំណាប់​អារម្មណ៍ពីសហគមន៍អន្តរជាតិ។
ការ​ជ្រើសរើស​យកទីក្រុងបូអាវ ខេត្តហៃណាន ជា​ទីស្នាក់ការ​សម្រាប់​វេទិកា​បូអាវសម្រាប់​អាស៊ី គឺដោយសារមានសំណើពី​អតីតថ្នាក់​ដឹកនាំនៃតំបន់អាស៊ីមួយចំនួន បានស្នើទៅថ្នាក់ដឹកនាំចិនដាក់ ​ទីស្នាក់របស់វេទិកា​បូអាវ​សម្រាប់​អាស៊ីនេះ​នៅប្រទេសចិន។ ពួកគេបានចាត់ទុកថា ខេត្តហៃណានដែលជាតំបន់សេដ្ឋកិច្ច ពិសេសដ៏ធំបំផុតរបស់ប្រទេ​សចិន ជាតំបន់ពិសោធន៍មួយសម្រាប់ប្រទេសចិន ក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ។
ក្នុង​គោលបំណង​ប្រែក្លាយខ្លួន​ទៅជាខេត្តមួយ ដែលផ្ដោតលើអេកូឡូស៊ី ខេត្តហៃណានបានបង្ហាញពិភពលោកថា ការអភិវឌ្ឍ នាពេលបច្ចុប្បន្ននិងអនាគតរបស់ខ្លួន គឺផ្ដោតទៅលើការ​អនុវត្តឧស្សាហកម្មអេកូឡូស៊ីដែលជាតំបន់ទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អាស៊ីនិងអន្តរជាតិ និងឆ្លើយតបនឹងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។ លើសពីនេះ ទីក្រុងបូអាវ គឺជាតំបន់មានមុខងារទូលំទូលាយ ដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់វេទិកា​បូអាវ​សម្រាប់​អាស៊ីនិងមានលក្ខណៈអេកូឡូស៊ី ការកម្សាន្ត ទេសចរណ៍ បណ្ដុំ​ព័ត៌មាន និងមាន​សេវា សន្និសីទនិងការតាំងពិព័រណ៍ ព្រមទាំងមានបរិយាកាសនិងភូមិសាស្រ្តបែបធម្មជាតិជាទីពេញចិត្ត។
នៅខែតុលាឆ្នាំ១៩៩៩ នៅក្នុងជំនួបជាមួយអ្នកផ្តួចផ្តើម នៃវេទិកាបូអាវ​សម្រាប់​អាស៊ី ឯកឧត្តម ហ៊ូ ជីនតាវ បានសន្យាផ្ដល់​ការគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការលើការបង្កើតវេទិកា​បូអាវ​សម្រាប់​អាស៊ីនេះឡើង។ រដ្ឋាភិបាលខេត្តហៃណានបានផ្តល់ការគាំទ្រពិតប្រាកដក្នុងវិស័យជាច្រើន សម្រាប់​ការបង្កើត​វេទិកា​បូអាវ​សម្រាប់​អាស៊ី ហើយបានសន្យាថា នឹងបន្តផ្តល់នូវសេវាកម្មប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ដល់ការបង្កើតនិងដំណើរការនៃវេទិកា​បូអាវ​សម្រាប់​អាស៊ី​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here