ដោយ : គង់ សូរិយា
ភ្នំពេញ : ប្រធានសហព័ន្ធទេសចរកម្ពុជាបានបញ្ជាក់ថា បន្លែសរីរាង្គមានតម្រូវការខ្ពស់នៅតាមភោជនីយដ្ឋាននានា ខណៈភោជនីយដ្ឋាននៅកម្ពុជា មានកំណើនកើនឡើងគួរឲ្យកត់សំគាល់។
លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរកម្ពុជា បានលើកឡើងនៅក្នុងពិធីសម្ពោធតាំងពិរព័ណ៍វិស័យម្ហូបអាហារ ផលិតផលភេសជ្ជៈ និងផលិតផលផ្គត់ផ្គង់វិស័យបដិស ណ្ឋាកិច្ចអន្តរជាតិ នៅមជ្ឈមណ្ឌលពិរព័ណ៍កោះពេជ្រ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងមកថា ខណៈដែលកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរល្អ វិស័យបដិសណ្ឋាកិច្ច សណ្ឋាគារ និងម្ហូបអាហារកំពុងមានតម្រូវការខ្ពស់ ដើម្បីបម្រើសេវានៅលើផ្នែកនេះ ជាពិសេសម្ហូបអាហារ ជាម្ហូបអាហារដែលមានអនាម័យ និងគុណភាព ដើម្បីផ្តល់ការឆ្លើយតបនៅលើវិស័យនេះប្រកបដោយប្រសិទ្ធភាព។
លោកបន្តថា ពាក់ព័ន្ធការផ្គត់ផ្គង់វិស័យម្ហូបអាហារ បច្ចុប្បន្ននៅតាមហាង និងភោជ្ជនីយដ្ឋានកំពុងមានតម្រូវការខ្ពស់ ជាពិសេសការផ្គត់ផ្គង់បន្លែ ជាបន្លែដែលគ្មានសារធាតុគីមី ដែលបញ្ហានេះទាមទារឲ្យកសិករ ចូលរួមធ្វើការដាំដុះប្រភេទបន្លែសរីរាង្គឲ្យបានច្រើន នឹងជាផ្នែកមួយក្នុងការចូលរួមលើកកម្ពស់ប្រជាកសិករកម្ពុជាយើងផងដែរ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកប៉ាក់ សុខុមបានលើកឡើងផងដែរថា បច្ចុប្បន្នក្រសួងបានជម្រុញគ្រប់មន្រ្តីពាក់ព័ន្ធ ពិសេសមន្ទីរទេសចរណ៍គ្រប់រាជធានីខេត្ត និងវិស័យឯកជន ឲ្យយកចិត្តទុកដាក់ក្នុងការពង្រឹងអំពីគុណភាពសេវា ក្នុងនោះផ្នែកវិស័យម្ហូបអាហារគឺត្រូវតែគិតគូរអំពីអនាម័យ គុណភាព ជាម្ហូបអាហារបៃតង ពោលគឺសំដៅទៅដល់ការផ្កត់ផ្គង់បន្លែពីសហគមន៍មូលដ្ឋាន ក្នុងទិសដៅលើកកម្ពស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍បន្តការដាំដុះ ដើម្បីជីវភាពខ្លួនឯង និងសុខភាពរបស់យើងទាំងអស់គ្នា។
តាមសេចក្តីប្រកាសព័ត៌មាន អង្គការស្បៀងអាហារពិភពលោក និងកសិកម្ម នៃអង្គការសហប្រជាជាតិ បានបង្ហាញបរិមាណបន្លៃ ដែលកំពុងផ្គត់ផ្គង់ប្រចំាឆ្នាំក្នុងប្រទេសកម្ពុជា គឺមានចំនួនជិត១លានតោន ក្នុងនោះបរិមាណបន្លែដែលផ្គត់ផ្គង់ក្នុងស្រុក មានត្រឹមតែ៤៤%តែប៉ុណ្ណោះ ខណៈដែលការនាំចូលរហូតដល់៥៦%។ ចំណែកការសិក្សាដោយឡែកមួយទៀត បានបង្ហាញឲ្យដឹងផងដែរថា បរិមាណបន្លែដែលកំពុងផ្គង់ផ្គង់មកពីបណ្តាប្រទេសជិតខាង មកកាន់ទីក្រុងភ្នំពេញ គឺមានរហូតដល់២០០ ទៅ៣០០តោន ក្នុងមួយខែៗផងដែរ៕