ផ្សារហ៊ុនកម្ពុជាបានចាប់ផ្តើមស្វាគមន៍ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដំបូងគេ

0

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន JS Land PLC ដែលជាក្រុមហ៊ុនអចលនទ្រព្យដំបូងបង្អស់ ដែលចុះបញ្ជីក្នុងផ្សារមូលបត្រនៅកម្ពុជា។បានប្រកាសលក់ភាគហ៊ុន ក្នុងទីផ្សារមូលបត្រកម្ពុជា ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១០ខែកុម្ភៈ នេះ។

ក្រុមហ៊ុន ជេអេសលែន ភីអិលស៊ី ជាក្រុមហ៊ុនទី២ ដែល ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារកំណើននៃផ្សារមូលបត្រនៅកម្ពុជា ដែលមាននិមិត្តសញ្ញា “SL” ភាគហ៊ុនចុះបញ្ជីសរុបចំនួន២៥, ៧១០,០០០ភាគហ៊ុន ជាមួយនឹងថ្លៃបោះផ្សាយលក់មូលបត្រ លើកដំបូងក្នុងមួយឯកតាស្មើនឹង ១.៩០០ រៀល និងមានមូលធនូបនីយកម្ម ទីផ្សារសរុបប្រមាណ៤៨៨ពាន់លានរៀល (ប្រមាណ១២លានដុល្លាអាមេរិក)។

លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយតករមូលបត្រម្ពុជាបានលើកឡើងថា កម្មវិធីថ្ងៃនេះគឺជាការចុះបញ្ជីដំបូងក្នុងឆ្នាំ២០២២ ហើយក្រុមហ៊ុនជេអេសលែន ជាក្រុមហ៊ុនទីមួយស្ថិតក្នុងវិស័យអចលនទ្រព្យ ដែលបានឈានជើងចូលផ្សារមូលបត្រកម្ពុជា។

លោកបានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនជេអេសលែន គឺជាក្រុមហ៊ុនល្អ និងច្បាស់លាស់មួយ ដែលហ៊ានចុះបញ្ជីនៅផ្សារមូលបត្រ ដោយក្រុមហ៊ុនមានអភិបាលកិច្ចល្អ មានតម្លាភាពរបាយការណ៍ហិរញ្ញវត្ថុ ដែលផ្តល់ទំនុកចិត្ត ដល់អតិថិជនមិនមែនមួយថ្ងៃ ឬមួយឆ្នំា រហូតក្នុងការកាន់កាប់ នៅក្នុងការទទួលបានសិទ្ធិ លើខុនដូរបស់ក្រុមហ៊ុនជេអេសលែន។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋ ភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា វត្តមានថ្មីរបស់ក្រុមហ៊ុនមួយនេះ នឹងធ្វើជាគំរូនាំមុខ សម្រាប់ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀត ឬក្រុមហ៊ុនក្នុងវិស័យនានា ពិចារណាពីធ្វើពិពិធកម្មប្រភពទុន តាមរយៈផ្សារហ៊ុន ដើម្បីចាប់យកឱកាសរីកចម្រើនជាមួយគ្នា។

គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន១៥ ដែលរួមមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៦ផ្សេងទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ សរុបទុនដែលក្រុមហ៊ុនទាំងអស់ប្រមូលកៀរគរបាន ពីទីផ្សារមូលបត្រមានប្រមាណ២៨១លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here