ដោយ៖ សុផារី
កូរ៉េ៖ លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ បានសម្តែងការគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ា ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅនេះ គឺជារឿងដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេស លោកគាំទ្រចំពោះការបង្កើតឱ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ។
លោកក៏សង្ឃឹមថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ នឹងមានភាពល្អប្រសើរ និងរីកចម្រើន និងទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ និងអាស៊ានផងដែរ។
សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួប លោក បាន គីមូន សារជាថ្មីម្ដងទៀត ក្រោយពីលោកបានចប់តួនាទីជាអគ្គលេខាធិកាអង្គការសហប្រជាជាតិ និងបានអរគុណចំពោះការលើកឡើងរបស់លោក បាន គីមូន និងពិតជារីករាយដែលបានធ្វើជាសហប្រធានជាមួយលោក នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នេះ។
សម្ដេចតេជោបានមានប្រសាសន៍ថា អង្គការ UPF ពិតជាបានធ្វើការងារនេះដ៏ល្អ និងសំខាន់ ដែលជាយន្តការមួយសម្រាប់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ អង្គការ UPF បានយកចិត្តទុកដាក់ ក្នុងការប្រមូលយកថ្នាក់ដឹកនាំពិភពលោក បច្ចុប្បន្ន និងអតីតមេដឹកនាំ មកជួបជុំនាពេលនេះគឺជារឿងដែលប្រសើរបំផុត៕