ស្រុកមុខកំពូលកំពុងក្លាយជាទីតាំងអភិវឌ្ឍន៍បុរីធំៗជាច្រើន

0

ដោយ៖ សុផារី

ភ្នំពេញ៖ តាមរយៈអនុក្រឹត្យស្តីពី “ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ” រដ្ឋាភិបាលបានឱ្យដឹងថា ព្រំដែនរាជធានីភ្នំពេញ អាចនឹងពង្រីកនៅក្នុងរង្វង់ទំហំ ៣០ គីឡូម៉ែត្រជុំវិញដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។

ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានទីតាំងនៅជាប់នឹងខណ្ឌជ្រោយចង្វារ ក៏នឹងគ្របដណ្តប់នៅក្នុងផ្ទៃដីនៃការពង្រីកនេះផងដែរ។ ការណ៍នេះបានធ្វើឱ្យស្រុកមុខកំពូលកំពុងតែរីកមុខមាត់ទាំងក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យអចលនទ្រព្យ ដោយសង្គេតឃើញមានការអភិវឌ្ឍលើលំនៅឋាន បុរី ល្បីៗជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុក្រោយនេះ។

ស្រុកមុខកំពូល ខេត្តកណ្តាល រាប់ចាប់ពីស្ពានទី១២ ទៅដល់ស្ពានទី២៤ មានព្រំប្រទល់ខាងលិចជាប់នឹងខណ្ឌជ្រោយចង្វារ ខាងកើតជាប់នឹងស្រុកពញាឮ ខាងត្បូងជាប់ទន្លេ ខាងកើតជាប់ស្រុកបាធាយ ខេត្តកំពង់ចាម។

លោក យី យ៉េន អភិបាលស្រុកមុខកំពូល ខេត្តកណ្តាល មានប្រសាសន៍នៅថ្ងៃ ទី ១២ ខែ កុម្ភៈ ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំមូលដ្ឋាន មានការរីកចម្រើន ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមកិច្ចនិង ពាណិជ្ជកម្ម។

ជាក់ស្តែង នៅក្នុងមូលដ្ឋានស្រុក មានការអភិវឌ្ឍវិស័យសំណង់ មានបុរីធំៗ ចំនួន៦គម្រោង ដូចជា បុរីវិមានភ្នំពេញ បុរីឡេង ណាវ៉ាត់ត្រា បុរីហាយឡេន បុរីសុវណ្ណភូមិ បុរីអេម៉ូរី បុរីនីរ័ត្ន ជាដើម។

លក្ខណៈពិសេសដែលអាចទាក់ទាញវិនិយោគិនផ្នែកអចលនទ្រព្យបានច្រើនមកកាន់ស្រុកមុខកំពូល ដោយសារ តាមរយៈការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានចង្អុលបង្ហាញពីទីក្រុងគុជ ទីក្រុងក្បាលនាគ ដែលមានទីតាំងស្ថិតនៅស្រុកពញាឮ ហើយស្រុកមុខកំពូលមានទីតាំងជាប់ក្រុងភ្នំពេញ ដែលមានចម្ងាយត្រឹមតែ៣០០ ម៉ែត្រពីស្ពានលីយ៉ុងផាត់។

ក្រៅពីនេះ ភូមិសាស្ត្រស្រុកមុខកំពូលមានទីតាំងជាប់នឹងគម្រោងអភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ ហើយគៀកនឹងទីតាំងអភិវឌ្ឍន៍របស់សម្តេចតេជោ ដែលមានទីតាំងនៅក្នុងឃុំកំពង់អុសផងដែរ។

ក្នុងឆ្នាំ២០២២នេះ ផែនការនិងគម្រោងអភិវឌ្ឍន៍នៅក្នុងស្រុកមុខកំពូល នឹងមានការកសាងលើកមុខមាត់តាមរយៈការកសាងផ្លូវថ្នល់ សួនច្បារ និងអាគារនានានៅក្នុងមូលដ្ឋាន។ ជាក់ស្តែង ផ្លូវលេខ២៦១ ប្រវែង៣០គីឡូម៉ែត្រ ដែលភ្ជាប់ជាមួយផ្លូវជាតិលេខ៦ និងស្ពានលី យ៉ុងផាត់ នឹងត្រូវបានចាប់ផ្ដើមពង្រីកបន្ថែម ពី៧ទៅ៩ម៉ែត្រ ព្រមប្រព័ន្ធលូបង្ហូរទឹក១,៥ម៉ែត្របន្ថែមទៀត។ ក្រៅពីនេះ ក៏មានការកសាងជុសជុលផ្លូវជាតិលេខ៧០A នៅក្នុងឃុំរកាកោងស្រុកមុខកំពូលផងដែរ ។

លោកឧកញ៉ា កាង សុធី នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា ស្រុកមុខកំពូល ជាទីតាំងមានបរិយាកាសល្អមានទន្លេអមសងខាង ហើយថែមទាំងមានផ្លូវជាតិលេខ៦អា ដែលតភ្ជាប់ជាមួយខេត្តសំខាន់ៗដូចជា ខេត្តកំពង់ធំ កំពង់ចាម និងខេត្តសៀមរាបជាដើម។

លោកបន្ថែមថា ស្រុកមុខកំពូលក៏ស្ថិតនៅជិតពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលទើបបញ្ចប់ការសាងសង់រួចរាល់ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣។

លោកថា ដោយសារតែឥទ្ធិពលវិជ្ជមាននៃការពង្រីករាជធានីភ្នំពេញ ការវិនិយោគក្នុងស្រុកមុខកំពូលអាចទទួលបានផលចំណេញលឿន ដែលល្អសម្រាប់អ្នកវិនិយោគរយៈពេលខ្លី៕

LEAVE A REPLY

Please enter your comment!
Please enter your name here