អ្នកជំនាញៈតម្លៃដីលើផ្លូវក្រវ៉ាត់ក្រុងទី៣មានការកើនឡើងខ្ពស់ក្រោយបញ្ចប់ការសាងសង់

0

ដោយៈ សុផារី

ភ្នំពេញៈ ស្របពេលដែលការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជាង៦៦ភាគរយ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានឱ្យដឹងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះ មានការកើនឡើងច្រើន បើប្រៀបធៀបនឹងមុនពេលសាងសង់ ហើយនឹងកាន់តែមានកំណើនខ្ពស់ ក្រោយបញ្ចប់ការសាងសង់នាពេលខាងមុខ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisals (KFA) បានមានប្រសាសន៍កាលពីថ្ងៃទី១៥ ខែកុម្ភៈនេះថា បើប្រៀបធៀបនឹងមុនពេលសាងសង់ តម្លៃដីនៃតំបន់នេះ ទីតាំងខ្លះលើផ្លូវក្រវ៉ាត់ក្រុងទី៣ មានការកើនឡើង៤ទៅ៥ដង។

លោកបានបញ្ជាក់ថា ”តម្លៃដីទាបបំផុតលើផ្លូវក្រវ៉ាត់ក្រុងទី៣ ចាប់ផ្តើមពី៦០ ទៅ៨០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយមានតំបន់ទីប្រជុំជនឬតំបន់ក្បែររាជធានីភ្នំពេញខ្លះ តម្លៃបានឡើងខ្ពស់រហូតដល់ ៣០០ទៅ ៤០០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ”។

បើតាមលោកឧកញ៉ា កំណើនខ្ពស់នៃតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះ ជំរុញដោយកត្តាសំខាន់ៗមួយចំនួន ដូចជា កត្តា GDP របស់សេដ្ឋកិច្ចរបស់ប្រទេសមួយកើនឡើង នាំឱ្យតម្លៃដីធ្លីមានការកើនឡើង ទៅតាមនិន្នាការនេះផងដែរ។

កត្តាមួយទៀតគឺ Block Market Price ផ្អែកលើគម្រោងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយកាលណាគម្រោងចាប់ផ្តើម អនុវត្តន៍បានបន្ទិច តម្លៃដីធ្លីនឹងគុណនឹង២ ក្រោយគម្រោងបានអនុវត្ត នោះតម្លៃនឹងកើនឡើងគុណនឹង៣ ហើយក្រោយគម្រោងបានអនុវត្តន៍រួចរាល់ហើយ នោះតម្លៃដីធ្លីអាចនឹងកើនឡើងរហូតដល់១០ដងក៏មានដែរ។

លោកឧកញ៉ាបានបញ្ជាក់ថា “នៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ មានគម្រោងអភិវឌ្ឍន៍លំនៅឋានមួយចំនួន នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បានចាប់ផ្តើមប្រកាសហើយ តែគម្រោងផ្សេងទៀតនៅមិនទាន់មានការប្រកាសនៅឡើយទេ”។

លោកឧកញ៉ានួន រិទ្ឋីបានព្យាករណ៍ថា ក្រោយពីផ្លូវនេះមានបញ្ចប់ការកសាងរួចរាល់ហើយ តម្លៃដីធ្លីនៅក្នុងតំបន់ផ្លូវក្រវាត់ក្រុងទី៣ នេះអាចមានការកើនឡើងរហូតដល់២០ ទៅ៣០ភាគរយធៀបនឹងពេលបច្ចុប្បន្ន។ លោកបន្តថា យ៉ាងណាក្តី វាអាស្រ័យនឹងគោលនយោបាយ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឧទាហរណ៍ គោលនយោបាយឃ្លាំង ដែលត្រូវលើកចេញពីក្រុងនឹងធ្វើឱ្យផ្លូវក្រវាត់ក្រុងទី៣ មានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ចរាចរណ៍កាត់និងវាងក្រុងភ្នំពេញ ដែលអាចកាត់បន្ថយរយៈពេលការដឹកជញ្ជូន។

ផ្លូវក្រវាត់ក្រុង ដែលចំណាយទំហំទឹកប្រាក់ ចំនួន៣០០លានដុល្លារមានប្រវែងសរុប៥២,៩៨៣គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងខែមករា ឆ្នាំ២០២២កន្លងមកថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមការចង្អុលបង្ហាញ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលនានា រួមចំណែកកាត់បន្ថយបញ្ហាកកស្ទះដោយយានយន្ដធំៗ ដែលដឹកជញ្ជូនទំនិញចេញ-ចូលរាជធានីភ្នំពេញ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏ជាផ្លូវតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ រួមមានផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ច របស់មហាអនុតំបន់ទន្លេមេគង្គ ដែលរួមចំណែកសម្រួល ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្ដុភារកម្មតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here