ជប៉ុនចូលរួមសិក្សានិរន្តរភាពនៃតម្រូវការទឹកស្អាតបញ្ចប់ជាមួយនឹងផែនការរយៈពេលវែង

0

ដោយៈ វិវត្តន៍

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាករទឹកកម្ពុជាបានបង្ហើបឲ្យដឹងថា រហូត​មកទល់ពេលនេះ ភាគីជប៉ុនបានសិក្សាផែនការមេអភិវឌ្ឍន៍ទឹកស្អាតទី៣ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០បញ្ចប់ហើយ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោកឡុង ណារ៉ូបានមានប្រ​សាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ជប៉ុនបានជួយសិក្សាគម្រោងផែនការមេអភិវឌ្ឍន៍ទឹកស្អាត ដល់រដ្ឋាការទឹកភ្នំពេញសរុប ចំនួន៣គម្រោង រួមមាន៖ គម្រោងទី១-ចាប់ពីឆ្នាំ១៩៩១-២០០០ គម្រោងទី២-ឆ្នាំ២០០០-២០១០ និងគម្រោងទី៣ -ឆ្នាំ២០២០-២០៣០។
លោកបន្តថា “គំរោងទី៣បានបញ្ចប់ការសិក្សា កាលពីខែចុងខែមករា ឆ្នាំ២០២២នេះ។ នៅឆ្នាំ២០៣០ រាជធានីភ្នំពេញ ត្រូវមានសមត្ថភាពផលិតទឹក១,៨ម៉ែត្រគូប ដើម្បីធានាដល់ការប្រើប្រាស់ទឹក”។

ចាប់ពីឆ្នាំ១៩៩៣-២០២០ ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់ថវិការអស់ ៦៩០លានដុល្លារ ដែលធ្វើឱ្យសមត្ថភាពផលិតទឹកកើនពី ៦៣០០០ម៉ែត្រគូប/ថ្ងៃ រហូតដល់៥៩២ ០០០ ម៉ែត្រគូប/ថ្ងៃ។

យ៉ាងណាក្ដី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានអំពាវនាវឱ្យពលរដ្ឋភ្នំពេញសន្សំសំចៃទឹក ខណៈក្រុងភ្នំពេញកំពុងប្រឈមនឹងបញ្ហា២ ដូចជា ទី១ ប្រជាជនចូលមករស់នៅក្រុងភ្នំពេញកើន (ខណៈក្នុងមនុស្សម្នាក់សព្វថ្ងៃបានប្រើប្រាស់ទឹកលើសតម្រូវការ រហូត២០០-២៨០លីត្រ/ថ្ងៃ ដែលជាទូទៅក្នុងម្នាក់អាចប្រើបាន១៥០ម៉ែត្រគូប/ ថ្ងៃប៉ុណ្ណោះ) និងទី២ កំរិតទឹកទន្លេមេគង្គបានស្រកចុះ ខុសពីប្រក្រតី១ម៉ែត្រ រយៈពេល៥ឆ្នាំមកនេះ ដែលធ្វើឲ្យតំបន់មួយចំនួនខ្វះខាត់ទឹកប្រើប្រាស់ ពិសេសនារដូវប្រាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here