ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ កាលពីប៉ុន្មានឆ្នាំមុន ទួលគោកគឺជាតំបន់ដែលមានការអភិវឌ្ឍន៍លំនៅឋានដ៏មានសក្ដានុពល ដោយក្នុងនោះ៩០ភាគរយនៃសំណង់ក្នុងខណ្ឌទួលគោកគឺជាសំណង់លំនៅឋាន និង១០ភាគរយជាសំណង់ពាណិជ្ជកម្ម ប៉ុន្តែមកដល់បច្ចុប្បន្ននេះវិញ ទួលគោកបានក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល ដោយ៥០ភាគរយជាអគារពាណិជ្ជកម្ម និង៥០ភាគរយជាសំណង់លំនៅឋាន។
ការសិក្សារបស់ក្រុមហ៊ុន Century 21 Zillion Holding ចំនួនខុនដូនៅក្នុងខណ្ឌទួលគោកមានចំនួនរហូតដល់៣៩គម្រោង ស្មើនឹង៩ពាន់យូនីតគិតត្រឹមដំណាច់ឆ្នាំ២០២០ដែលមានចំណែក១២ភាគរយនៃខុនដូផ្គត់ផ្គង់សរុបនៅក្នុងរាជធានីភ្នំពេញ និងផ្ទះជាប់ដីមានចំនួនរហូតដល់ ២ពាន់ខ្នងឯណោះ។ ការកែប្រែតំបន់ទួលគោក ពីលំនៅឋានទៅជាតំបន់ពាណិជ្ជកម្មក៏បានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខណ្ឌនេះ មានការប្រែប្រួលឡើងថ្លៃជាបន្តបន្ទាប់ផងដែរ។
តាមការសិក្សាស្រាវជ្រាវបង្ហាញផងដែរថា តម្លៃដីធ្លីនៅក្នុងតំបន់ទួលគោកបានហក់ឡើងពីរង្វង់ប្រមាណ ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០១៨ ដល់ ៣.៨០០ដុល្លារអាមេរិកទៅ ៤.២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២១។
ជាការកត់សម្គាល់តំបន់ទួលគោកមានការអភិវឌ្ឍទៅលើផ្សារទំនើបៗជាច្រើនទីតាំងផងដែរ ក្នុងនោះអគារខ្ពស់ៗជាច្រើនក៏បានកកើតឡើងក្នុងតំបន់ទួលគោក តំបន់បឹងកក់ ជាដើម ក្នុងនោះក៏មានអគារក្រោមការវិនិយោគរបស់ក្រុមហ៊ុនក្នុងជាច្រើនផងដែរ។
លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី ក៏បានលើកឡើងនាពេលថ្មីៗនេះ ថា ទួលគោកជាតំបន់អភិវឌ្ឍពាណិជ្ជកម្មថ្មីមួយបន្ទាប់ពីបឹងកេងកង ដែលមានការអភិវឌ្ឍទៅលើអគារខ្ពស់ៗ ផ្សារទំនើប សាលារៀនធំៗ មន្ទីរពេទ្យ សាកលវិទ្យាល័យធំៗ។ តំបន់នេះ ក៏មានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដែលជាការទាក់ទាញដល់វិនិយោគិនក្នុងនិងស្រុកជាច្រើន ទៀតផង ។
បើតាមលោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ក៏បានបង្ហាញថា ខណ្ឌចំនួន៥ក្នុងរាជធានីភ្នំពេញចាត់ទុកជាតំបន់ដែលមានការអភិវឌ្ឍ និងចាប់អារម្មណ៍វិនិយោគពីវិនិយោគិនជាតិអន្តរជាតិជាច្រើន។
លោកបណ្ឌិតថា ខណ្ឌទាំង៥ដែលចាត់ទុកជាតំបន់កំពូលរួមមាន ខណ្ឌបឹងកេងកេង ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌជ្រោយចង្វារ។ ខណ្ឌទាំង៥នេះកំពុងទាក់ទាញនូវការសាងសង់អគារខ្ពស់ៗជាច្រើន ហើយក៏បានលេចរូបរាងជាបន្តបន្ទាប់ និងជួយលើកកម្ពស់សោភណភាពរាជធានីភ្នំពេញមួយកម្រិតទៀត៕