ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារ សង់រោងចក្រផលិតទឹកស្អាត នៅក្រុងតាខ្មៅ

0

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត នៅទីក្រុងតាខ្មៅ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីពង្រីកនូវការផ្គត់ផ្គង់ទឹក នៅតំបន់ភាគខាងត្បូង និងខាងលិចរាជធានីភ្នំពេញ។

ក្នុងពិធីចុះហត្ថាលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KKKCT Consortium នាថ្ងៃទី៧ មីនា ឆ្នាំ២០២២នេះ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងតាខ្មៅទាំងមូល និងជាយក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងជំរុញឱ្យប្រជាពលក្រីក្រ នៅក្រុងតាខ្មៅ មានលទ្ធភាពតបណ្តាញទឹកស្អាតទៅប្រើប្រាស់។

លោកបន្តថា គម្រោងរោងចក្រថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងសហការជាមួយក្រុមហ៊ុន KKKCT Consortium ទាំងដំណើរការសាងសង់ និងផ្គត់ផ្គង់ទឹករហូតដល់១០ឆ្នាំ មុននឹងប្រគល់រោងចក្រទាំងស្រុងឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពោលគឺក្រោយពេលបញ្ចប់ដំណើរការសាងសង់ ក្រុមហ៊ុន KKKCT Consortium ត្រូវដំណើរការផលិតទឹកស្អាត និងលក់ដុំជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងតម្លៃមិនលើសពី៥០០រៀល ក្នុងមួយម៉ែត្រគូប សម្រាប់រយៈពេលរយៈ១០ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ បន្ទាប់មកនឹងប្រគល់រោងចក្រឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមកគ្រប់គ្រងវិញ។

លោកបញ្ជាក់ថា រោងចក្រថ្មីនេះ ប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣ ៤២១ លានយ៉េន ឬប្រមាណ៣០លានដុល្លារអាមេរិក។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចំណាយថវិកាបន្ថែមប្រមាណ១០លានដុល្លារទៀត ដើម្បីពង្រីកបណ្តាញមេនាំទឹក និងបណ្តាញចែកចាយទឹកផងដែរ។

គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅ នឹងចាប់ផ្តើមដំណើរការសាងសង់នាខែមិថុនា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។

លោក អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា គម្រោងពង្រីកទឹកស្អាតក្រុងតាខ្មៅ គឺជាគម្រោងអាទិភាពមួយ ក្នុងចំណោមគម្រោងអទិភាពទាំងអស់ ដែលទទួលបានហិរញ្ញប្បទានឥតសំណង ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ក្នុងរូបភាពជា Specail Purpose Campany។

លោកបន្តថា ផ្អែកលើលទ្ធផលនៃសិក្សា ការងារសំខាន់ៗនៃគម្រោងនេះ រួមមានការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតសមត្ថភាពផលិត ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ការសាងសង់ស្ថានីយបូមទឹកឆៅសមត្ថភាព ៣១៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ការដាក់បំពង់នាំមេទឹកពីស្ថានីយបូមទឹកឆៅ ទៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ការសាង់សង់អាងស្តុកទឹកស្អាត ចំណុះ៥ពាន់ម៉ែត្រគូប និងការបំពាក់ម៉ូទ័របូមទឹកស្អាតចែកចាយ។

លោកជឿជាក់ថា គម្រោងនេះពិតជាដំណើរការប្រកបដោយជោគជ័យ ទៅតាមកម្មវិធីដែលបានកំណត់ និងចូលរួមចំណែកបញ្ចប់ជាស្ថាពរនូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីឆ្នាំ២០២៤តទៅ ជាពិសេសនៅក្រោយពេលរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែងជំហានទី១ ត្រូវបានដាក់ឱ្យដំណើរការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here