ដោយ: ម៉ាលីស
កំពត: គំរោងវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន១៦ បាននិងកំពុងត្រៀមបង្ហាញខ្លួន នៅទីតាំងដ៏មានសក្តានុពលមួយចំនួន នៃទឹកដីក្រុងបូកគោ ខេត្តកំពត។
យោងតាមការចុះផ្សាយរបស់រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានអោយដឹងថា មានគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិ ខ្នាតតូចចំនួន១៦គម្រោងនៅក្នុងឧទ្យានជាតិ នៅក្រុងបូគោ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះដឹកនាំក្រុមការងារចម្រុះមកពីក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរដែនដី និងមន្ទីរជំនាញ ចុះពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម១០ហិកតា ចំនួន១៦គម្រោងនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។
លោកបានថ្លែងថា “ទេសចរណ៍ធម្មជាតិជាចលករ មួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ព្រោះបានបង្កើតការងារ ផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ”។
ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមស្គាល់ច្បាស់ពីតម្លៃនៃទេសចរណ៍ធម្មជាតិ និងបានដើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិនានា។
ជាមួយនឹងការដើរទស្សនាកមក្សាន្ត និងការស្នាក់នៅ ភ្លក់មុខម្ហូបរបស់ប្រជាសហគមន៍ ភ្ញៀវទេសចរបានចូលរួមផ្សព្វផ្សាយ នូវទេសភាពដ៏ស្រស់ស្អាតនៃតំបន់ការពារធម្មជាតិ ដល់ប្រជាពលរដ្ឋផ្សេងទៀត ជាការទាក់ទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ផ្សេងទៀតឱ្យធ្វើដំណើរកម្សាន្ត។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋានធម្មជាតិមួយ ដ៏មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត។
លោកបានថ្លែងថា ជាមួយការចូលរួមពីវិស័យឯកជន ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ខេត្តកំពតដែលមួយផ្នែក គ្របដណ្តប់ដោយផ្ទៃដីឧទ្យានជាតិ នឹងមានការរីករាយ កាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកនារតីមួយយ៉ាងសំខាន់បំផុត៕