លោកឃួង ស្រេងបង្ហាញពីតួលេខបុរី និងសំណង់លំនៅដ្ឋាននិងអគារ ខ្ពស់ៗចំនួនជាង១៦០០នៅរាជធានី

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង ៣០០កន្លែង អគារខ្ពស់ៗជាង១៦០០អគារ និងមានគម្រោងសង់ថ្មីជាង ១ពាន់គម្រោង ដែលគិតជាទឹកប្រាក់សរុប មានតម្លៃចំនួនប្រមាណជាង ២,២៦ ពាន់លានដុល្លាអាមេរិក។

មានប្រសាសន៍នៅក្នុងពិធី បើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការលំនៅឋាន-ដីឡូត៍មួយ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារវឌ្ឍនភាព ក៏ដូចជានិន្នាការជាវិជ្ជមាន កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា នឹងបន្តងើបឡើងវិញនាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារៈសំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម និងខុនដូទំនើបៗ។

ជាពិសេសទោះបីជាស្ថិត ក្នុងបរិបទកូវីដ១៩យ៉ាងណាក៏ដោយ គិតត្រឹមដើមឆ្នាំនេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និង អគារខ្ពស់ៗចំនួន១.៦០៣អគារ ក្នុងនោះអគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅមានចំនួន ២២៥អគារ ខណៈឆ្នាំ២០២១ កន្លងទៅ កម្ពុជាទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជនចំនួន ១.០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង៤,៦៣ លានម៉ែត្រក្រឡា។ បន្ថែមទៀត ធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។

លោកឃួង ស្រេងបានបន្តថា “ការបណ្តាក់ទុនវិនិយោគក្នុងវិស័យមួយនេះនៅរាជធានីភ្នំពេញ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគ​ជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំទាក់ទាញការវិនិយោគទាំងក្នុងនិងក្រៅប្រទេស ជាពិសេសគឺការខិតខំបង្កើនជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោកស្រី អ៊ាន អេឡែន នាយិកាគម្រោង តាមោកស៊ីធឺលែន បានមានប្រសាសន៍ថា គម្រោងនេះ មានផ្ទៃដីចំនួន៤៤ហិកតា ជាប់ផ្លូវ៦០ម៉ែត្រ និងមហាវិថីឈ្នះឈ្នះ មានចំងាយពីស្ពានព្រែកព្នៅ ៤គីឡូម៉ែត្រ។ លោកស្រីបានបន្តថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាឲ្យកាន់តែរីកចម្រើន គម្រោងលំនៅដ្ឋាន និងដីឡូតិ៍តាមោក ស៊ីធីឡេនដែលមានផ្ទៃដីជាង ២៤ហិកតា ត្រូវបានចាប់ផ្ដើមដំណើរការសាងសង់ និងលក់ជូនអតិថិជនហើយ ជាទីតាំងដែលមានសក្តានុពលខ្ពស់ ធំទូលាយ បរិយាកាសល្អ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ។

លោកស្រីបន្ថែមថា ការបើកដំណើរការសាងសង់គម្រោងនេះ គឺក្នុងគោលបំណង ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាននេះ ឲ្យកាន់តែរីកចម្រើន ក៏ដូចជា រួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យកាន់តែសម្បូរបែប ស្របពេលដែលកម្ពុជាកំពុងឋិត ក្នុងដំណាក់កាលមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរក្រោមការដឹកនាំដ៏ឆ្នើម និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here