អភិបាលខេត្តកោះកុងបង្កើតក្រុមការងារពិសេសដើម្បីទប់ស្កាត់និងបង្រ្កាបការំលោភយកដីធ្លីតំបន់ការពារធម្មជាតិ

0

ដោយៈវិវឌ្ឍន៍

       កោះកុងៈ អភិបាលខេត្តកោះកុង លោកជំទាវភូថង មិថុនាបានបង្កើតក្រុមការងារ ពិសេសមួយដើម្បីទប់ស្កាត់ និងបង្រ្កាបការរំលោភដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិជាង១២ម៉ឺនហិកតា និងតំបន់គម្របព្រៃទំហំ ២ម៉ឺនហិកតា នៅខេត្តកោះកុង។

យោងតាមសេចក្តីសម្រេចចុះថ្ងៃទី៤ ខែមីនាកន្លងមកបានឲ្យដឹងថា ក្រុមការងារនេះ បង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើស កាប់រានទន្រ្ទានយកដីរដ្ឋខុសច្បាប់ ក្នុងតំបន់ការងារអនុក្រឹត្យលេខ៣០ អនក្រ.បក អនុក្រឹត្យលេខ៤៦ អនក្រ.បក និងដីរដ្ឋរបស់ខេត្ត។

ដីស្ថិតនៅតំបន់ការពារធនធានធម្មជាតិទាំងនោះ មួយចំណែកត្រូវបានរដ្ឋបាលខេត្តកោះកុង ចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន សម្រា​ប់រក្សាទុកជាគម្រោងរេដបូក តំបន់ជួរភ្នំក្រវាញខាងត្បូង និងមួយចំណែកទៀតត្រូវរក្សាទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ក្រុមការងារនេះ ដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានសមភាពមន្ទីរពាក់ព័ន្ធ អង្គភាពកងកម្លាំងមានសមត្ថកិច្ច និងចៅសង្កាត់ និងមេឃុំ។

តាមសេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា ក្រុមការងារ នឹងចាប់ផ្ដើមចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសជាក់ស្តែង និងកសាងសំណុំរឿងទៅតុលាការ ក្នុងករណីចាប់បានបទល្មើស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here