អគារMesong នឹងក្លាយជាអគារខ្ពស់ជាងនៅកណ្ដាលក្រុងភ្នំពេញឬ?

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ អគារពាណិជ្ជកម្ម Mesong ដែលកំពុងសាងសង់នៅ កណ្ដាលក្រុងភ្នំពេញ នៅទីក្រុងកោះពេជ្រ នឹងក្លាយជាអគារខ្ពស់ជាងគេនៅពេលសាងសង់រួច ខណៈបច្ចុប្បន្ននេះ អគារនេះបានចាប់ផ្ដើមដំណើរការសាងសង់បាតគ្រឹះ និងជាន់ក្រោមដី។
អគារនេះ ជាការវិនិយោគរបស់វិនិយោគិនហុងកុង និងបានសហការជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ជាច្រើននៅខាងក្រៅប្រទេស ជាមួយនឹងការសហការលក់ ជាមួយក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាផងដែរ ។

លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនលក់គម្រោងខុនដូMesong បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ មិនានេះថា អគារមេសុងជាអគារ ដែលខ្ពស់ជាងគេនៅកម្ពុជា មានកំពស់រហូតដល់ជាង៧០ជាន់ឯណោះ។ ការវិនិយោគលើអគារខ្ពស់បែបនេះ នឹងនាំមកនូវបច្ចេកវិទ្យា កាន់តែទំនើបមកកាន់ប្រទេសកម្ពុជា ទៅលើការសាងសង់អគារខ្ពស់ បច្ចេកវិទ្យាដែលបំពាក់នៅក្នុងអគារ ក៏សុទ្ធសឹងតែជាបច្ចេកវិទ្យាទំនើបៗ។

លោកបន្តថា “អ្នកទិញខុនដូប្រណីត នៅក្នុងគម្រោងអគារនេះ មានទាំងជនជាតិខ្មែរ និងបរទេស ជាពិសេសវិនិយោគិនមកពីហុងកុង និងប្រទេសជាច្រើនទៀតក្នុងតំបន់”។ លោកបន្តថា “អគារនេះក៏នឹងនាំមកនូវអ្នកវិនិយោគកាន់តែច្រើន បន្ថែមទៀតមកកាន់កម្ពុជាលើទីផ្សារខុនដូ”។

លោកខន គង្គាបានឱ្យដឹងទៀតថា ផ្នត់គំនិតរបស់ប្រជាជនកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានការផ្លាស់ប្តូរបន្តបន្ទាប់ ដោយកាលពីមុនពួកគាត់ស្នាក់តែផ្ទះជាន់ផ្ទាល់ដី ហើយមិនសូវចាប់អារម្មណ៍លើខុនដូប៉ុន្មានទេ តែមកដល់ពេលនេះ ប្រជាជនកម្ពុជាកាន់តែច្រើន បានងាកទៅរកការស្នាក់នៅអគារសហកម្មសិទ្ធិដែលមានខុនដូ និងអាផាត់មិន។

ជាបទពិសោធន៍ប្រទេសជិតខាងរបស់កម្ពុជា ក៏ដូចជា  ក្នុងពេលខុនដូអភិវឌ្ឍន៍ដំបូងៗ អ្នកដែលស្នាក់នៅក្នុងខុនដូ គឺជាជនបរទេសតែយូរៗទៅអ្នកស្នាក់នៅក្នុងខុនដូ គឺជាអ្នកក្នុងស្រុកជំនួសវិញ។

បើតាមតំណាង ក្រុមហ៊ុនអភិវឌ្ឍអគារមេសុង បានឱ្យដឹងថា គម្រោងអគារនេះបានបុកគ្រឹះ និងសង់ជាន់ក្រោមដីរួចហើយ និងកំពុងចាប់ផ្ដើមឡើងជាន់ជាបណ្ដើរៗ ។ នៅពេលសំណង់អគារ បានចាប់ផ្ដើមឡើងជាន់ ការសាងសង់មានសកម្មភាពលឿន ហើយវាគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ ឬអាចដើមឆ្នាំ២០២៤។ នៅពេលនោះ អគារនេះនឹងក្លាយជាអគារ ខ្ពស់ជាងគេកណ្ដាលក្រុងភ្នំពេញ ជាពិសេសនឹងលើកកំពស់សោភណភាពរាជធានីភ្នំពេញ បានមួយកម្រិតទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here