រដ្ឋាភិបាលឡាវរំពឹងសម្រេចបានអតិរេកពាណិជ្ជកម្មយ៉ាងតិច១,៥៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២

0

ដោយៈសុខុម

វៀងចន្ទន៍: សារព័ត៌មានឡាវ Laotian Times បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ មីនាថា រដ្ឋាភិបាលឡាវ រំពឹងសម្រេចបានអតិរេកពាណិជ្ជកម្ម យ៉ាងតិច១,៥៥ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ទោះជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលវីរុសកូវីដ-១៩ ក្ដី។

តាមរយៈរបាយការណ៍ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវ កាលពីពេលថ្មីៗនេះបង្ហាញថា ទំហំនាំចេញត្រូវបានរំពឹងថា នឹងឈានដល់ ៧,៦ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលនឹងមានទំហំ សរុប៦,០៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មានឡាវ Vientiane Times។

ដើម្បីសម្រេចបានអតិរេកពាណិញ្ជកម្មនេះ រដ្ឋាភិបាលឡាវបានប្តេជ្ញា​បង្កើនផលិតកម្មកសិកម្ម និងការកែច្នៃទំនិញសម្រាប់នាំចេញ ជាពិសេសនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលពេលនេះអាចចូលទៅដល់បានកាន់តែងាយស្រួលតាមរយៈផ្លូវដែកចិន-ឡាវ។

ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយថា វិស័យពាក់ព័ន្ធនានា ត្រូវបានផ្តល់ភារកិច្ចជួយបណ្ដាក្រុមហ៊ុន សហគ្រាសឱ្យទទួលបានហិរញ្ញប្បទាន ការអនុវត្តការសិក្សាស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្ម ព្រមទាំងជួយសហគ្រាស ផលិតស្វែងរកទីផ្សារសមស្របផងដែរ។

រដ្ឋាភិបាលឡាវ បាននិងកំពុងព្យាយាមបង្កើនទុន បម្រុងអន្តរជាតិ (Foreign Exchange Reserves) តាមរយៈការជំរុញការនាំចេញ និងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចូល។

ប្រទេសឡាវបានអះអាងថា ខ្លួនសម្រេចបានអតិរេកពាណិជ្ជកម្មចំនួន១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដោយការនាំចេញមានទំហំ៧ពាន់លានដុល្លារអាមេរិក ហើយការនាំចូលមានទំហំ៦ពាន់លានដុល្លារអាមេរិក៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here