ប្រទេសកម្ពុជានិងម៉ាឡេស៊ីចាប់ផ្តើមបើកជើងហោះហើរផ្ទាល់ឡើងវិញចាប់ពីខែមេសាខាងមុខនេះ

0

ដោយៈ សុផារី

ម៉ាឡេស៊ី់ៈ រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចបើកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិឡើងវិញ នឹងចាប់អនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះតទៅ ដើម្បីស្តារនិងជម្រុញសេដ្ឋកិច្ចឡើងវិញ។

ជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ (ភ្នំពេញ-កូឡាឡាំពួរ) នឹងមានចំនួនពីរជើងជារៀងរាល់ថ្ងៃ ហើយអាចនឹងបន្ថែមទៅតាមតម្រូវការទីផ្សារជាក់ស្តែង។

តាមរយៈសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំក្រុងគូឡាឡាំពួរ នៅក្នុងសប្តាហ៍នេះបានឱ្យដឹងថា ការបើកដំណើរការជើងយន្តហោះអន្តរជាតិឡើងវិញនេះ ដោយពិចារណាផ្អែកលើវិទ្យាសាស្ត្រ និងភាពពិតជាក់ស្ដែងពាក់ព័ន្ធនឹង កូវីដ-១៩ ក៏ដូចជា ការបើកព្រំដែនឡើងវិញរបស់ប្រទេសដទៃទៀត និងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ជាពិសេសឧស្សា​ហកម្មទេសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ-១៩។

សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួន មិនតម្រូវឱ្យធ្វើចត្តាឡីស័ក តែត្រូវធ្វើRT-PCR test ២ថ្ងៃមុនធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី និងធ្វើRapid test(RTK) ពេលមកដល់ប្រទេសម៉ាឡេស៊ី។

សម្រាប់អ្នកដំណើរ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ និងចាក់មិនទាន់គ្រប់ចំនួន តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃ និងធ្វើRT-PCR test ២ថ្ងៃមុនធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី និងធ្វើRapid test (RTK) ពេលមកដល់ប្រទេសម៉ាឡេស៊ី។

ប្រទេសម៉ាឡេស៊ីបានបិទព្រំដែនអន្តរជាតិរបស់ខ្លួន​ ស្ទើរតែទាំងស្រុងសម្រាប់ភ្ញៀវទេសចរ ចាប់តាំងពីខែមីនាឆ្នាំ២០២០ នៅពេលដែលប្រទេសនេះបានរកឃើញការឆ្លងជំងឺកូវីដ១៩ដំបូងរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here