ដោយៈវឌ្ឍនៈ
ភ្នំពេញៈ តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញបាន និងកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយការអភិវឌ្ឍតំបន់នេះភាគច្រើន ផ្តោតលើលំនៅឋាន និងប្រភេទលំនៅឋានតម្លៃសមរម្យ និងតម្លៃមធ្យម ព្រមទាំងមានការអភិវឌ្ឍលើលំនៅឋានតម្លៃថ្លៃៗមួយចំនួនផងដែរ។
អ្នកជំនាញបានព្យាករណ៍ថា នៅថ្ងៃអនាគត អ្នកជំនាញអចលនទ្រព្យមើលឃើញថាតំបន់នេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្ម ដ៏មានសក្ដានុពលជំនួសមកវិញ។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ មិនានេះថា បច្ចុប្បន្ននេះ តំបន់តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភាគច្រើនគេអភិវឌ្ឍន៍ជាលំនៅឋាន ហើយក្នុងនោះដែរ វិនិយោគិនក៏បានអភិវឌ្ឍន៍លំនៅឋាន ប្រភេទតម្លៃសមរម្យ និងមធ្យម ដោយឡែកលំនៅតម្លៃខ្ពស់មិនសូវមានច្រើនទេ តិចតួចនៅឡើយ ។
អ្នកស្រីបន្តថា “សក្ដានុពលតំបន់តាមបណ្ដោយផ្លូវឈ្នះ ឈ្នះឬប៉ែកខាងជើងភ្នំពេញយើងឃើញថា មានសំណង់រដ្ឋ និងឯកជនមួយចំនួន និង អាចទាក់ទាញ និងកែប្រែតំបន់នេះ ទៅជាតំបន់ពាណិជ្ជកម្មនៅរយៈពេលប្រមាណ៥ឆ្នាំខាងមុខទៀត”។អ្នកស្រីបន្ថែមថា “វានឹងក្លាយជាតំបន់ពាណិជ្ជកម្មទាក់ទាញមួយនៅភ្នំពេញផងដែរ ស្របពេលតម្រូវការដីសម្រាប់ប្រើប្រាស់នៅតំបន់ប៉ែកខាងជើង ក៏ឃើញថាមានកំណើនខ្ពស់ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ”។
ចំណែកលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance Realtyក៏បានលើកឡើងផងដែរថា តំបន់ប៉ែកខាងជើង ជាពិសេសនៅខណ្ឌព្រែកព្នៅ បើធៀបនឹងខណ្ឌកណ្ដាលក្រុង អត្រាកំណើនដីធ្លីមានខ្ពស់ជាង។ ការឡើងខ្ពស់នេះ ពីព្រោះតែមានតម្រូវការច្រើន ទៅលើដីសម្រាប់ប្រើប្រាស់ ដូចជាការអភិវឌ្ឍទៅដីលំនៅឋាន ដីសម្រាប់សាងសង់អគារផ្សេងៗជាដើម។
លោកបន្តថា នៅពេលអនាគតដីធ្លីនៅតំបន់នេះ នឹងកាន់តែមានតម្លៃបន្ថែមទៀត នៅពេលមានការអភិវឌ្ឍ ទៅជាតំបន់ពាណិជ្ជកម្ម ហើយអ្នកវិនិយោគ ក៏នឹងទទួលបានអត្ថប្រយោជន៍ និងប្រាក់ចំណេញបន្ថែមពីការអភិវ ឌ្ឍនៅតំបន់នោះ។
តំបន់ប៉ែកខាងជើង និងតំបន់តាមបណ្ដោយផ្លូវឈ្នះឈ្នះ បាននិងកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងៗ ក្នុងនោះដែរគម្រោងរបស់រដ្ឋមួយចំនួនដូចជាក្រសួង ស្ថាប័ន និងគម្រោងឯកជនជាច្រើន ក៏បានត្រៀមខ្លួនក្នុងការអភិវឌ្ឍ នៅតាមបណ្ដោយផ្លូវសក្ដានុពលមួយនេះដែរ។
មហាវិថីឈ្នះ ឈ្នះ ជាផ្លូវសំខាន់មួយអាចតភ្ជាប់ ទៅផ្លូវក្រវ៉ាត់ក្រុង៣ និងអាចភ្ជាប់ទៅផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ លេខ៣ លេខ២និងផ្លូវជាតិលេខ១ និងជាផ្លូវដ៏សំខាន់ សម្រាប់បញ្ជៀសការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញផងដែរ៕