ក្រុមហ៊ុនប្រេងថៃ PTT នឹងចូលកាន់កាប់ការដ្ឋានបូមហ្គាសនៅមីយ៉ាន់ម៉ា ក្រោយក្រុមហ៊ុន Total ចាកចេញ

0

ដោយៈសុខុម

បាងកក: ក្រុមហ៊ុន PTT Exploration and Production Pcl (PTTEP) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនប្រេងដ៏ធំរបស់ថៃ PTT បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៤ មីនា ថា ខ្លួននឹងចូលកាន់កាប់ការដ្ឋានបូម ហ្គាស Yadana ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ពីខែកក្កដា ឆ្នាំនេះតទៅ បន្ទាប់ពីការចាកចេញរបស់ក្រុមហ៊ុនបារាំង TotalEnergies។

ក្រុមហ៊ុនផលិតប្រេងធំៗ ដូចជា ក្រុមហ៊ុនអាមេរិក Chevron និងក្រុមហ៊ុនបារាំង TotalEnergies ជាដើមបានដកខ្លួនចេញ ពីប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ដើមឆ្នាំនេះ នៅពេលស្ថានភាពមនុស្សធម៌ កាន់តែដុនដាបទៅៗ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំ២០២១។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីកងទ័ពបានផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតក្នុងខែកុម្ភៈ ឆ្នាំ២០២១ ហើយបានប្រើប្រាស់កម្លាំងហួសហេតុ ដើម្បីបង្ក្រាបទៅលើបាតុករ ដែលតវ៉ាប្រឆាំងនឹងការកាន់អំណាចរបស់ខ្លួន។

អ្នកប្រឆាំងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ហើយយោធាដែលកំពុងប្រឈមមុខនឹងការតស៊ូប្រយុទ្ធពី សំណាក់កងជីវពល ទទួលរងការចោទប្រកាន់ថាបានបាញ់គ្រាបផ្លោង និងធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ស៊ីវិលរស់នៅ។ ជាការឆ្លើយតប របបយោធាមីយ៉ាន់ម៉ា និយាយថា អ្វីដែលខ្លួនកំពុងធ្វើគឺដើម្បីប្រយុទ្ធប្រឆាំង “ភេរវករ” ប៉ុណ្ណោះ។

ក្រុមហ៊ុន PTTEP និយាយថា ខ្លួនឱ្យតម្លៃជាសំខាន់លើ “ការទប់ស្កាត់ការរាំងស្ទះនូវតម្រូវការថាមពល” ដោយចាត់ទុកការដ្ឋានបូមហ្គាស Yadana ថាជា “ប្រភពសំខាន់ នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដែលជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ទាំងក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ”។

បច្ចុប្បន្នក្រុមហ៊ុន TotalEnergies កាន់កាប់ភាគហ៊ុន៣១%នៅការដ្ឋាននេះ។

ដំណើរការផ្លាស់ប្ដូរផ្ទេរផ្ទូរនេះ នឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២០ ខែកក្ក​ដា បន្ទាប់ពីនោះក្រុមហ៊ុន PTTEP និយាយថា ខ្លួននឹងកាន់កាប់ភាគហ៊ុន៣៧,១% ក្រុមហ៊ុនរដ្ឋរបស់មីយ៉ាន់ម៉ា Myanma Oil and Gas Enterprise កាន់កាប់២១,៨% ចំណែកឯបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុន Chevron នឹងកាន់កាប់៤១,១%៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here