ដោយៈសុខុម
អន្តរជាតិ: សហរដ្ឋអាមេរិក បានព្រមានធ្ងន់ៗថា ប្រទេសចិននឹងត្រូវប្រឈម “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើខ្លួនហ៊ានជួយរុស្ស៊ី ក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃច័ន្ទ ទី១៤ មីនា នេះ។
ក្រុមមន្ត្រីដែលមិនបញ្ចេញឈ្មោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកថា ប្រទេសរុស្ស៊ី បានស្នើឱ្យប្រទេសចិន ផ្តល់ជំនួយយោធា បន្ទាប់ពីខ្លួន បានចាប់ផ្តើមបញ្ឆេះសង្គ្រាមចូលឈ្លានពាន។
ជាការឆ្លើយតប ក្រសួងការបរទេសចិន បានចាត់ទុកការចោទប្រកាន់នេះថា ជាព័ត៌មានមិនពិត ដែលសហរដ្ឋអាមេរិក ជាអ្នកប្រឌិតឡើងក្នុងបំណងទុច្ចរិត។
ការផ្លោងពាក្យសម្ដីដាក់គ្នាទៅវិញ ទៅមកនេះកើតមានឡើង នៅពេលក្រុមមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងប្រទេសចិន ត្រៀមជួបគ្នានៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានចុះផ្សាយដោយដកស្រង់សម្តីមន្ត្រីក្រុងវ៉ាស៊ីនតោន ដែលបានលើកឡើងថា ប្រទេសរុស្ស៊ីបានស្នើសុំប្រទេសចិន ជាពិសេសសម្ភារៈយោធារួមទាំងដ្រូន (យន្តហោះគ្មានមនុស្សបើក) ផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកបានលើកឡើងថា ក្រុមមន្ត្រីអាមរិក បានទំនាក់ទំនងទៅរដ្ឋាភិបាលក្រុងប៉េកាំង ដោយផ្ទាល់ថា ប្រទេសចិន នឹងត្រូវប្រឈមផលវិបាលធ្ងន់ធ្ងរ ប្រសិនបើហ៊ានជួយគាំទ្រដល់ប្រទេសរុស្ស៊ី។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបទៅវិញថា សហរដ្ឋអាមេរិក កំពុងផ្សព្វផ្សាយព័ត៌មានមិនពិត។
អ្នកនាំពាក្យរូបនេះបានអះអាងថា ជំហររបស់ប្រទេសចិន គឺមិនប្រែប្រួលឡើយ ហើយប្រទេសចិន កំពុងតែដើរតួនាទីស្ថាបនា នៅក្នុងការជំរុញការចរចា៕ BBC៕