សម្តេចតេជោអញ្ជើញស្វាគមន៍នាវាការពារជើងទឹកជប៉ុនពីរគ្រឿងចូលចតនៅកម្ពុជានៅល្ងាចនេះ

0

ដោយ៖ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី១៥មិនានេះ នឹងជួបសំណេះ​សំណាលជាមួយមេបញ្ជាការ និងនាវិកនៃនាវាការពារជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង នឹងចូលចតនៅកំពង់ផែពហុបំណង ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ នាវាការពារជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង នឹងចូលចតនៅកំពង់ផែពហុបំណង ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាការពារជើងទឹករបស់ជប៉ុនទាំងពីរគ្រឿង នឹងសំចតនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។

នាវាស្វ័យការពារជើងទឹកជប៉ុន ដែលចូលមកសំចតនៅកម្ពុជានេះរួមមាន នាវាដែលមានឈ្មោះថា JS URAGA និង JS HIRADO។

ស្ថានទូតជប៉ុននៅកម្ពុជា បានគូសបញ្ជាក់ថា ការមកដល់នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ដើម្បីអបអរខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុន មកបំពេញបេសកកម្មនៅកម្ពុជា។ ការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុននាពេលនោះ គឺជាការបញ្ជូនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុន។

ស្ថានទូតជប៉ុនបានបង្ហាញក្តីសង្ឃឹមថា តាមរយៈខួបនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់កម្ពុជានេះ កម្ពុជា និងជប៉ុន នឹងបន្តអភិវឌ្ឍនូវទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ។

វត្តមាននាវាស្វ័យការពារជើងទឹកជប៉ុន និងនាវិក នៅកំពង់ផែពហុបំណង ខេត្តព្រះសីហនុ នឹងមានកម្មវិធីមួយចំនួននឹងត្រូវធ្វើឡើងមាន ដូចជាពិព័រណ៍ពិសេសលើនាវា JS URAGA និងការសម្តែងលំហាត់សុច្ឆន្ទៈកម្លាំងនាវិកស្វ័យការពារជើងទឹកជប៉ុន ដោយមានការពន្យល់អំពីឧបករណ៍បោសសម្អាតមីន ពិព័រណ៍មុជទឹកដោយអ្នកមុជទឹកកម្ចាត់អាវុធជាតិផ្ទុះ និងការតាំងពិព័រណ៍ប្រព័ន្ធកម្ចាត់មីនជាដើម។

នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here