ដោយៈសុខុម
វ៉ាស៊ីនតោន: សង្គ្រាមដែលបុរសខ្លាង វ្លាឌីមៀ ពូទីន បានបញ្ឆេះឡើងដើម្បីចូលឈ្លានពានប្រទេសអ៊ុយក្រែន និងដែលបណ្ដាលឱ្យមានប្រតិកម្មឆ្លើយតបជាសកលយ៉ាងចាស់ដៃ នឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសរុស្ស៊ី ដើរថយក្រោយយ៉ាងតិច៣០ឆ្នាំ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ច វិនិយោគិន និងអ្នកការទូតបានព្យាករណ៍ថា សេដ្ឋកិច្ចរុស្ស៊ី នឹងដាំក្បាលចុះខ្លាំងជិតដល់កម្រិត អំឡុងសម័យសហភាពសូវៀត ដែលវានឹងធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនរុស្ស៊ី ធ្លាក់ចុះយ៉ាងហោចណាស់៥ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNBC ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ មីនា។
លោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្ត បានបង្កើនការដាក់ទណ្ឌកម្មឥតឈប់ឈរទៅលើប្រទេសរុស្ស៊ី ពោលគឺធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចរុស្ស៊ី ឈានដល់ការរលំរលាយ តាមរយៈការដករុស្ស៊ីចេញពីទីផ្សារពិភពលោក និងការបង្កកទ្រព្យសម្បត្តិនៅទូទាំងពិភពលោក។
ជាលទ្ធផល ប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយប័ណ្ណរបស់រុស្ស៊ី កំពុងដួលរលំជាបណ្ដើរៗហើយ ដោយបង្ខំឱ្យវិមានក្រឹមឡាំង (រុស្ស៊ី) បិទផ្សារហ៊ុន និងពង្រឹងការប្រើប្រាស់រូបិយប័ណ្ណជាតិ រ៉ូប៊ល (Rouble) នៅក្នុងព្រំដែនរបស់ខ្លួន។
ជាការពិតណាស់ កិច្ចខិតខំប្រឹងប្រែងរយៈពេល៤០ឆ្នាំរបស់រុស្ស៊ី ក្នុងការកសាងសេដ្ឋកិច្ចដ៏រុងរឿង សម្បូរស ប្បាយដោយផ្អែកលើទីផ្សារសេរី ដែលបានចាប់ផ្តើមចាប់តាំង ពីក្រោមការដឹកនាំរបស់អតីតមេដឹកនាំលោក មីកាអ៉ិល ហ្គោបាឆេវ (Mikhail Gorbachev) បានបរាជ័យរួចទៅហើយ ។
ការឈ្លានពានដ៏ឃោរឃៅរបស់ប្រធានាធិបតី ពូទីន ទៅលើអ៊ុយក្រែន កាន់តែធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី បរាជ័យកាន់តែខ្លាំងថែមទៀត។
*ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ២ដែលធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី ដុនដាបខ្លាំង
ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត២ បានធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី ដុនដាបខ្លាំងស្ទើរតែរលំរលាយ។
ទី១ ការដកធនាគារធំៗបំផុតរបស់រុស្ស៊ី ចេញពីបណ្ណាញទូទាត់សកល (SWIFT)ដែលធ្វើឱ្យរុស្ស៊ី ពិបាកនឹងធ្វើប្រតិបត្តិការទូទាត់ នៅក្រៅប្រទេស។
ទី២ ការបង្កកទុនបម្រុងអន្តរជាតិ រាប់រយពាន់លានដុល្លារអាមេរិក ដែលរក្សាទុកដោយធនាគារកណ្តាលរុស្ស៊ី។ ប្រាកដណាស់ថា បើគ្មានទុនបម្រុងអន្តរជាតិ ដើម្បីជួយគាំទ្រដល់រូបិយប័ណ្ណជាតិ រ៉ូប៊លទេនោះ សេដ្ឋកិច្ចរុស្ស៊ី អាចនឹងឈានដល់ការរលំរលាយ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងអង់គ្លេស ក៏កំពុងបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីផងដែរ។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏បានរឹតបន្តឹង លើការនាំចេញឧបករណ៍បច្ចេកវិទ្យាជាន់ខ្ពស់ និងទំនិញប្រណីតៗផងដែរ ខណៈប្រទេសកាន់តែច្រើនឡើង បានរារាំងនាវារុស្ស៊ីមិន ឱ្យចូលចតកំពង់ផែរបស់ពួកគេ៕ CNBC៕