ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នៅពេលនេះសម្រេចបាន៩៩ភាគរយហើយ ដោយនឹងដាក់ឱ្យដំណើរការ ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ខាងមុខនេះ។
អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ជាគម្រោងរបស់រដ្ឋាភិបាលកម្ពុជា និងម៉ៅការសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិកា២២លានដុល្លារ។
នៅពេលដែលសាងសង់រួចគម្រោងនេះ នឹងមានអាយុកាលប្រមាណជា ១០០ ឆ្នាំ ។
យោងទៅតាមផែនការមេ គម្រោងស្ថាបនានេះរួមមានផ្នែកសណខាន់ៗចំនួន៤ រួមមានដូចជា ទី១ ស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរ២គន្លងទៅ២គន្លងមក និងជម្រាលស្ពាន៤,៥ម៉ែត្រ ។ ទី២ ស្ពានអាកាសទីពីរ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅវេងស្រេងប្រវែង៤០ម៉ែត្រ ។ ទី៣ ជាស្ពានតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែង៦០ម៉ែត្រ ទទឹង៥,២៥ម៉ែត្រ ។
ទី៤ ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ និងទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមាន២គន្លងរថយន្ត និង១គន្លងទោចក្រយានយន្ត៕