មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា សេដ្ឋកិច្ចអ៊ុយក្រែនអាចដួលរលំបើសង្គ្រាមបន្តអូសបន្លាយយូរ

0

ដោយៈសុខុម

វ៉ាស៊ីនតោន: ពេលនេះរដ្ឋាភិបាលទីក្រុងគៀវ នៅតែដំណើរការធម្មតា ប្រព័ន្ធធនាគារនៅមានស្ថិរភាព ហើយការទូទាត់បំណុលដំណើរការធម្មតានៅឡើយសម្រាប់រយៈពេលខ្លី ប៉ុន្តែសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ី អាចនឹងទាញអ៊ុយក្រែន ឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដ៏មហន្តរាយ ដែលអាចឈានទៅដល់ការដួលរលំ។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានព្រមានកាលពីថ្ងៃច័ន្ទ ទី១៤ មីនា ថា សង្រ្គាមឈ្លានពាននេះអាចបង្កផលប៉ះពាល់កាន់តែធំធេង និងកាន់តែធ្ងន់ធ្ងរ រួមទាំងការគំរាមកំហែ​ងដល់សន្តិសុខស្បៀងពិភពលោកផងដែរ តាមរយៈការធ្វើឱ្យតម្លៃទំនិញហក់ឡើង និងរាំងស្ទះដល់ការដាំដុះដំណាំ ជាពិសេសស្រូវសាលី។

នៅក្នុងការវិភាគអំពីសេដ្ឋកិច្ចអ៊ុយក្រែន ក្រោយការចូលឈ្លានពានពីសំណាក់រុស្ស៊ីថា ស្ថាប័ន IMF បានលើកឡើងថា “ទិន្នផលសេដ្ឋកិច្ចអ៊ុយក្រែន នឹងធ្លាក់ចុះយ៉ាងតិច១០%នៅឆ្នាំនេះ ដែលទាមទារឱ្យមានដំណោះស្រាយបន្ទាន់ដើម្បីបញ្ចប់សង្គ្រាមនេះ”។

ទោះបីជាការព្យាករណ៍ ហាក់មានភាពស្រពេចស្រពិលច្រើនក្ដី ក៏ស្ថាប័ននេះព្រមានថា ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរជាងនេះឆ្ងាយ ប្រសិនបើស ង្គ្រាមនេះអូសបន្លាយពេលយូរ។

ស្ថាប័ន IMF និយាយថា “ការធ្លាក់ចុះទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំអាចនឹងខ្ពស់ជាងនេះឆ្ងាយ គឺក្នុងចន្លោះពី ២៥% ទៅ៣៥%”។

លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីសប្តាហ៍មុនបានប៉ាន់ប្រមាណថា ការខូចខាតដែលអុយក្រែន ទទួលរងមកទល់ពេលនេះ គឺចូលខ្ទង់១០០ពាន់លានដុល្លារអាមេរិកហើយ៕ AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here