ដោយៈ ម៉ាលីស
ភ្នំពេញ: អ្នកជំនាញចិននិងមន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាបានពិភាក្សាគ្នា ដើម្បីរៀបចំផែនការមេបន្ថែម ក្នុងដំណើរការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម “កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយវិស័យឯកជន ស្តីពីគម្រោងមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង” និងថ្លែងសន្ទរកថាស្វាគមន៍ផងដែ។
កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះ សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារសម្របសម្រួល UNIDO ប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ និងចូលរួមដោយផ្ទាល់ មានការអញ្ជើញចូលរួម ពីតំណាងតំណាងក្រសួងសេដ្ឋកិច្ច និងវិទ្យាស្ថានផែនការ និងរចនាទីក្រុងស៊ិនចិន (Urban Planning and Design Institute of Shenzhen) ប្រទេសចិន វិស័យឯកជន ជាច្រើន ដូចជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) តំណាងសហគ្រិនស្ត្រីកម្ពុជា (CWEA) សភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងតំណាងតំបន់សេដ្ឋកិច្ចពិសេស (SEZ) និងតំណាងពីក្រុមហ៊ុនឯកជន ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ក៏ដូចជាសមាជិកសមាជិកានៃក្រុមការងាររបស់ វិទ្យាស្ថានផែនការ និងរចនាទីក្រុងស៊ិនចិន ជាច្រើនផងដែរ។
គោលបំណងនៃកិច្ចប្រជុំ ពិភាក្សាពិគ្រោះយោបល់នេះ គឺចង់ទទួលបានធាតុចូល យោបល់ ការចែករំលែកបទពិសោធន៍ អំពីផលប៉ះពាល់ ដែលបានជួបប្រទះ និងបញ្ហាផ្សេងៗពីភាគីឯកជន ដើម្បីធ្វើការរៀបចំសេចក្តីព្រាងនៃគម្រោងមេនេះ ដើម្បីដាក់ជូនក្រុមការងាររាជរដ្ឋាភិបាល ពាក់ព័ន្ធធ្វើវាយតម្លៃ និងសម្រេចបានតាមការគ្រោងទុក ក្នុងបរិបទនៃគោលដៅនយោបាយ សេដ្ឋកិច្ច និងសង្គមកាន់តែទូលំទូលាយរបស់កម្ពុជា៕