ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ ដែលបាន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០១៦ និងបន្តកាន់មុខតំណែងជាថ្មីនៅឆ្នាំ ២០១៨ នៃរដ្ឋាភិបាលនីតិកាលទី៦។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ មានជីវប្រវត្តិដូចម្តេច? មុនកាន់ការងារជាន់ខ្ពស់របស់រដ្ឋ លោកមានបទពិសោធន៍ការងារវិស័យឯកជនជាច្រើនឆ្នាំ ហើយក៏ធ្លាប់ដឹកនាំនៅក្រុមហ៊ុនប្រេងដ៏ធំមួយ ដែលមានមូលដ្ឋាននៅអាមេរិក។
ប្រវត្តិសិក្សា
លោកប៉ាន សូរស័ក្តិ ធ្លាប់រស់នៅ និងសិក្សានៅប្រទេសបារាំងនិងសហរដ្ឋអាមេរិកជិត២០ឆ្នាំ ដោយមានសញ្ញាប័ត្រ បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ច្បាប់ គណិតវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យល្បីៗ នៅបារាំងនិងសហរដ្ឋអាមេរិក។
លោកបានត្រឡប់មកកាន់មាតុប្រទេសវិញ នៅឆ្នាំ១៩៩២ មុនការបោះឆ្នោតឆ្នាំ១៩៩៣។
អាជីពការងារ
មុនពេលចូលបម្រើការងារក្នុងវិស័យសាធារណៈ លោកបានចំណាយពេលក្នុងអាជីព ក្នុងវិស័យឯកជនអស់រយៈពេលជាង១៨ឆ្នាំ ដោយបានកាន់កាប់មុខតំណែងជាន់ខ្ពស់ជាច្រើន រហូតដល់អនុប្រធានសាជីវកម្មរបស់ក្រុមហ៊ុន UNOCAL ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នពហុជាតិរបស់អាមេរិកនៅសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ថៃ និងសិង្ហបុរី និងនាយកប្រចាំប្រទេសកម្ពុជា។ ក្រៅពីនេះ លោកក៏ធ្លាប់ធ្វើការជាអ្នកស្រាវជ្រាវសម្រាប់កងទ័ពអាកាសសហរដ្ឋអាមេរិក និងមន្ទីរបញ្ចកោណផងដែរ។
លោកប៉ាន សូរស័ក្តិ ក៏ធ្លាប់បម្រើការងារនៅក្នុងស្ថាប័នមួយចំនួនទៀត រួមមាន ជាសមាជិកក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា អនុប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ ក្រុមប្រឹក្សាស្ថិតិជាតិ ក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ (NCST) និងក្រុមប្រឹក្សាធុរកិច្ចកម្ពុជាអាមេរិកាំង (AmCam)។
ស្នាដៃធំៗសម្រេចបាន
ក្រោមការដឹកនាំរបស់លោក ក្រសួងពាណិជ្ជកម្មបានជំរុញឱ្យមានសេចក្តីព្រាងច្បាប់ជាច្រើន និងវិសោធនកម្មច្បាប់ផ្សេងៗ រួមទាំងការការពារអ្នកប្រើប្រាស់ សុវត្ថិភាពចំណីអាហារ ការប្រកួតប្រជែង ប្រតិបត្តិការដែលមានសុវត្ថិភាព និងដំណោះស្រាយពាណិជ្ជកម្ម។
លោកប៉ាន សូរស័ក្តិ ត្រូវបានគេទទួលស្គាល់ ជាអ្នកជំរុញលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន (ICT) ក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។
លោកបានផ្ដួចផ្ដើម និងដឹកនាំការអនុវត្តផែនការមេ ICT និងធ្វើទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធ ICT របស់ក្រសួង និងចូលរួមបង្កើតសេចក្តីព្រាងច្បាប់ E-Commerce និងគំនិតផ្តួចផ្តើមក្រសួងអេឡិចត្រូនិក (E-ministry) ក៏ដូចជាបង្កើតស្តង់ដារអក្សរខ្មែរយូនីកូដនៅក្នុងកុំព្យូទ័រ។
លោកបានដឹកនាំចរចាក្នុងការនាំអង្ករកម្ពុជា ចេញទៅកាន់ប្រទេសចិន ដោយរួចពន្ធចំនួន២០ម៉ឺនតោន កាលពីឆ្នាំ២០១៧ និងបង្កើនដល់ ៣០ម៉ឺនតោនក្នុង១ឆ្នាំ។
ក្រសួងពាណិជ្ជកម្មដែលមានលោកជារដ្ឋមន្រ្តី ក៏បានដាក់ដំណើរការមន្ទីរពិសោធន៍កាំកុងត្រូលចល័ត និងនៅតាមខេត្ត ដើម្បីការពារនិងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋខ្មែរ ព្រមទាំងទប់ស្កាត់សកម្មភាពធុរកិច្ចមិនស្មោះត្រង់។ ជាមួយគ្នានេះ បានសហការជាមួយធនាគារជាតិកម្ពុជាលើកកម្ពស់ប្រាក់រៀលជាតិ តាមរយៈការកំណត់ឲ្យមានការបិទតម្លៃជាប្រាក់រៀល ចំពោះរាល់ទំនិញប្រើប្រាស់ ដែលចរាចរណ៍លើទីផ្សារតូចធំ។
លោកបានដឹកនាំ និងការពារច្បាប់មួយចំនួនដោយជោគជ័យមានដូចជា៖ ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ពិធីសារធ្វើវិសោធនកម្មផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ាន-ចិន អាស៊ាន-កូរ៉េ អាស៊ាន-ឥណ្ឌា និងបានចរចាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង ព្រមទាំងកិច្ចព្រមព្រៀងកម្ពុជា ឡាវ វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណជាដើម។
ក្រសួងបានគាំទ្រ ឲ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ចំនួន៥កន្លែង នៅតាមបណ្តាទីក្រុងនៃខេត្តសំខាន់ៗរបស់ប្រទេសចិន។
តាមរយៈក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឲ្យមានការគាំទ្រផលិតផលខ្មែរ តាមរយៈការតាំងពិព័រណ៍ជាតិ និងអន្តរជាតិជាច្រើន ដូចជា៖ យុទ្ធនាការទិញផលិតផលខ្មែរ ក្នុងក្របខណ្ឌទូទាំងប្រទេស ពិព័រណ៍ពិភពលោក ដែលធ្វើឡើងរយៈពេល៦ខែ រៀងរាល់៥ឆ្នាំម្តង ពិព័រណ៍អន្តរជាតិដែលធ្វើឡើងរយៈពេល៣ខែ រៀងរាល់៥ឆ្នាំម្តង ឆ្លាស់គ្នាជាមួយពិព័រណ៍ពិភពលោក និងពិព័រណ៍ចិន-អាស៊ាន ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។
តាមរយៈការចូលរួមពិព័រណ៍ទាំងនេះ ផលិតផលជាច្រើនរបស់កម្ពុជា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីជំរុញការនាំចេញដំណាលគ្នាជាមួយនឹងការចុះកិច្ចព្រមព្រៀង វិនិយោគជាច្រើនរវាងកម្ពុជា និងបរទេស។
ក្រៅពីនេះ លោកក៏បានគាំទ្រឲ្យមានការអភិវឌ្ឍផលិតផល អាហារហាឡាល់ (Halal) ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស។
ចក្ខុវិស័យ
ក្នុងនាមជារដ្ឋមន្រ្តី លោកបានជំរុញវិស័យពាណិជ្ជកម្ម តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម កម្រិតចំណូល កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុងចក្ខុវិស័យ ឆ្នាំ២០៥០ ប្រែក្លាយកម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់ ឬជាប្រទេសអភិវឌ្ឍន៍៕ ប្រភពកម្ពុជាថ្មី៕