អ្នកជំនាញព្រមានឱ្យរដ្ឋបាលក្រុងហូជីមិញពិចារណាឡើងវិញចំពោះផែនការពង្រីកក្រុង

0

ដោយៈសុខុម

ហូជីមិញ: ក្រុមអ្នកជំនាញព្រមានថា រដ្ឋបាលក្រុងហូជីមិញគួរតែពិចារណាឡើងវិញឱ្យបានល្អិតល្អន់ ចំពោះផែនការពង្រីកខ្លួនទៅសង្កាត់ដែលនៅជាយៗរបស់ខ្លូន ព្រោះវានឹងផ្ដល់តែផលចំណេញ ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប៉ុណ្ណោះ គឺមិនមែនពលរដ្ឋដែលរស់នៅទីនោះឡើយ។

លោក Ngô Viết Nam Sơn ស្ថាបត្យករជើងចាស់ដែលមានបទពិសោធន៍៣០ឆ្នាំនិយាយថា ផែនការពង្រីកក្រុងនេះ នឹងធ្វើឱ្យពលរដ្ឋកា​ន់តែគ្មានលទ្ធភាពទិញផ្ទះ ដែលមានតម្លៃផ្ទះបច្ចុប្បន្ន ថ្លៃលើសពីលទ្ធភាពរួចទៅហើយសម្រាប់ពលរដ្ឋភាគច្រើន។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ មីនា។

អ្នកជំនាញរូបនេះលើកឡើងទៀតថា “ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស មិនមែនជារឿងល្អឡើយសម្រាប់ហូជីមិញ ព្រោះទីក្រុងនេះចាំបាច់ត្រូវរក្សាទុកតំបន់កសិកម្ម និងអភិវឌ្ឍសង្កាត់ដែលនៅជាយៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ”។

លោកបានគូសបញ្ជាក់ថា វាក៏អាចជះផលប៉ះពាល់ដល់បរិស្ថានផងដែរ។

ការជជែកដេញដោលជាសាធារណៈ បានចាប់ផ្តើមយ៉ាងផុសផុល បន្ទាប់ពីរដ្ឋបាល នៃសង្កាត់ជាយៗក្រុងហូជីមិញ ដូចជាសង្កាត់ Binh Chánh សង្កាត់ Cần Giờ និងសង្កាត់ Củ Chi ជាដើមនិយាយថា ពួកគេក៏ចង់អភិវឌ្ឍខ្លួនទៅជាទីក្រុងដែរ។

*ដីកសិកម្មនឹងត្រូវប្រែក្លាយទៅជាដីក្រុង
បណ្ឌិត Võ Kim Cương អតីតនាយករងស្ថាបត្យករ នៃទីក្រុងហូជីមិញ ធ្លាប់បានលើកឡើងថា “ប្រហែលជាផែនការធ្វើនគរូបនីយកម្ម សង្កាត់ជាយៗនៃក្រុងហូជីមិញ មានបំណងប្រែក្លាយដីកសិកម្ម ទៅជាដីក្រុងហើយមើលទៅ។ ការធ្វើនគរូបនីយកម្ម សង្កាត់ជាយៗត្រូវតែបំពេញបានតាមលក្ខខណ្ឌបរិស្ថាន និងអេកូឡូស៊ី”។

អ្នកជំនាញរូបនេះគូសបញ្ជាក់ថា ដោយមានប្រព័ន្ធអេកូឡូស៊ី ព្រៃកោងកាងដ៏ល្អល្អះ និងមានឋានៈជាដែនជីវចម្រុះរបស់ពិភពលោក សង្កាត់ Cần Giờ គួរតែផ្តោតលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិតំបន់ក្រុង។

យោងតាមក្រុមអ្នកជំនាញឱ្យដឹងថា ដើម្បីសម្រេចបានគោលដៅក្លា​យជាក្រុង នៅក្នុងទីក្រុងដូចសង្កាត់ Thủ Đức ជាដើម សង្កាត់ដែលនៅជាយៗក្រុង ត្រូវតែធ្វើការកែលម្អការគ្រប់គ្រងលើគ្រប់វិស័យ រួមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការចំណាយខ្ជះខ្ជាយផងដែរ។

ដោយមានផ្ទៃដីសរុបជាង២.០០០គីឡូម៉ែត្រការ៉េ ក្រុងហូជីមិញ នាពេលបច្ចុប្បន្ននេះ មានប្រជាជនរស់នៅរហូតដល់ទៅ១៣លាននាក់៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here