សម្តេចតេជោលុបចោលគោលការណ៍បីប្រការ ដើម្បីកម្ពុជាឈានទៅកាន់ដំណាក់កាលថ្មីមួយ

0

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា សម្តេចបានសម្រេចលុបចោលចំណុចចំនួនបីសម្រាប់អ្នកដំណើរអន្តរជាតិ ក្នុងគោលដៅបន្ធូរបន្ថយលក្ខខណ្ឌតម្រូវចូលមកកម្ពុជា ក្នុងការសម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ ដែលចាប់អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះតទៅ។

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសពិសេសមួយ ដោយប្រកាសកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា ដោយយោងតាមចំណារឯកភាព របស់សម្តេចតេជោ ហ៊ុន សែន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេ​ចដូចខាងក្រោម ទី១ លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។

ទី២ លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។  និងទី៣ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

សម្តេចបានបញ្ជាក់ថា “នេះធ្វើឡើងតាមការស្នើសុំ របស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជា កាន់តែច្រើនជាងមុន និងអាចឈានទៅកាន់ការស្តារវិស័យទេសចរ និងសេវាកម្មដែលទទួលរងនូវវផលប៉ះពាល់ច្រើនជាងគេ”។ សម្តេចតេជោបញ្ជាក់ថា “ការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវ ចូលមកកម្ពុជានេះ ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ រួមទាំងកាត់បន្ថយនូវការចំណាយធ្វើដំណើរ”។

សម្តេចតេជោបានបញ្ជាក់ថា ការលុបចោលលក្ខខណ្ឌតម្រូវធ្វើតេស្ត PCR និងតេស្តរហ័ស ក៏នឹងជួយសម្រួលដល់ការធ្វើដំណើរចេញចូល របស់បងប្អូនប្រជាជនខ្មែរ ទាំងការឈឺចាប់ដោយសាររុកច្រមុះ និងការចំណាយថវិកាសម្រាប់ធ្វើតេស្ត។

សម្តេចតេជោថ្លែងបន្តថា “យើងសម្រួលបញ្ហានេះ ដើម្បីទាក់ទាញការវិនិយោគ ការធ្វើធុរកិច្ច និងធ្វើទេសចរណ៍នៅកម្ពុជា។ ចំណុចអស់ទាំងនេះ គឺជាចំណុចដែលយើងនៅតែបន្ត ក្នុងការធ្វើសកម្មភាពឆ្ពោះទៅមុខ ដើម្បីគោលដៅនៃការអភិវឌ្ឍន៍រៀនរស់ ជាមួយនឹងកូវីដ១៩”។

សម្តេចតេជោបានបញ្ជាក់ថា តាមរយៈការធ្វើតេស្តនេះ ធ្វើរាជរដ្ឋាភិបាលចំណាយប្រាក់យ៉ាងច្រើន ក្នុង១ថ្ងៃៗ ទៅលើឧបករណ៍តេស្ត និងសម្លៀកបំពាក់គ្រូពេទ្យផងដែរ។

សម្តេចបានថ្លែងថា “ការខ្វេះចម្រុះធ្វើតេស្ត មិនមែនត្រឹមតែឈឺច្រមុះទេ វាអស់លុយ មួយថ្ងៃៗរាជរដ្ឋាភិបាលចាយលុយច្រើនណាស់ មានទាំងឧបករណ៍ធ្វើតេស្ត សម្លៀកបំពាក់ធ្វើតេស្ត”។

ចំពោះអ្នកដំណើរ ដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here