ការអភិវឌ្ឍខេត្តស្វាយរៀងចាប់ផ្ដើមងាកមកទិសខាងលិចខណៈក្រុងបាវិតបន្តមានសភាពស្ងាត់

0

 ដោយៈវឌ្ឍន​ៈ

ភ្នំពេញៈ វិនិយោគិនអចលនទ្រព្យមួយចំនួន បានចាប់ផ្ដើមចាប់អារម្មណ៍ និងធ្វើសកម្មវិនិយោគរបស់ខ្លួន នៅទិសខាងលិចនៃខេត្តស្វាយរៀង បានន័យថាខាងលិចក្រុងស្វាយរៀងខណៈនៅក្រុងបាវិត ដែលជាតំបន់សក្ដានុពលបន្តមានសភាពស្ងាត់ដដែល។

លោកថា ថេង ប្រធានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិCentury21 Zillion Holding ប្រចាំខេត្តស្វាយរៀងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ មិនានេះថា អ្នកវិនិយោគភាគច្រើន ដែលទៅកាន់ស្វាយរៀង បានមើលឃើញពីសក្ដានុពលនៃតំបន់ទិសខាងលិច នៃក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយសារតែតំបន់នោះតម្លៃដី នៅមានកម្រិតទាបនៅឡើយដែលធ្វើឱ្យអ្នកវិនិយោគអាចរកប្រាក់ចំណេញ និងភាគច្រើនជាអ្នកវិនិយោគក្នុងស្រុក ដោយអភិវឌ្ឍន៍ទៅលើដីឡូត៏និងផ្ទះល្វែង ។

លោកបន្តថា “ចំណែកតំបន់នៅខាងបាវិតវិញ មកដល់ពេលនេះ បន្តមានភាពស្ងាត់ដដែល ដោយសារតែតំបន់នោះកន្លងមកគឺសំបូរដោយវិនិយោគិនបរទេស ហើយតម្លៃដីធ្លីបានហក់ឡើងខ្ពស់រួចទៅហើយ”។ លោកបន្ថែមថា “មួយវិញទៀត ដោយសារតែវិបត្តិកូវីដ១៩ធ្វើឱ្យវិនិយោគិនបរទេស នៅតែបន្តអវត្តមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសវិនិយោគិនចិន ដែលធ្លាប់តែអ៊ូអរនៅខាងក្រុងបាវិត”។

យ៉ាងណាក្ដីលោកក៏មានសុទិដ្ឋិនិយម ចំពោះគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលរត់កាត់ខេត្តស្វាយរៀងផងដែរ ដោយរំពឹងថាវិនិយោគិន នឹងសម្លឹងមើលពីសក្ដានុពលទៅលើខេត្តស្វាយរៀងដើម្បីវិនិយោគយកប្រាក់ចំណេញ។

លោកថា ថេងបានបន្តថា វិនិយោគិនអាចរកទិញដីនៅខេត្តស្វាយរៀង អាចនឹងទទួលបានផលចំណេញច្រើន នៅពេលខាងមុខ ពេលដែលគម្រោងផ្លូវល្បឿនលឿន ចាប់ផ្ដើមសាងសង់ និងដាក់ឲ្យប្រើប្រាស់ ហើយក៏ជំរុញឱ្យវិនិយោគ នៅស្វាយរៀងកាន់តែមានសន្ទុះបន្ថែមផងដែរ។

លោកបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យKW Cambodia ក៏បានឱ្យដឹងថា ចាប់តាំងពីចិនចាកចេញពីកម្ពុជាក្រោយរដ្ឋាភិបាលបិទល្បែងអនឡាញនៅកម្ពុជា ឃើញថាក្រុងសំខាន់ៗមួយចំនួននៅកម្ពុជា ដែលធ្លាប់តែមានសកម្មភាពវិនិយោគនិងតម្លៃដីធ្លីឡើងខ្ពស់ ក៏បានធ្លាក់ចុះមកវិញ ក្នុងនោះក៏មានក្រុងបាវិតនៃខេត្តស្វាយរៀងមួយដែរ ។ ក្រោយពីចិនចាកចេញបានមួយរយៈក៏បានជួបវិបត្តិកូវីដ១៩ និងធ្វើឱ្យតម្លៃដីធ្លីបន្តរងផលប៉ះពាល់បន្តទៀត រហូតមកដល់បច្ចុប្បន្ននេះតែម្ដង។

ទោះជាយ៉ាងណា យោងតាមប្រភពពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនចិនបានឲ្យដឹងថា ក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងត្រៀមបោះទុនវិនិយោគ នៅតាមតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ដោយ​សារទីក្រុងនេះបាននិងកំពុងទាក់ទាញការវិនិយោគ ព្រោះហេតុផលសំខាន់ៗមួយចំនួន ទី១ ងាយស្រួលតភ្ជាប់ការដឹកជញ្ជូនជាមួ​យ​ប្រទេសវៀតណាម ទី២ ក្រុងបាវិតស្ថិតនៅកៀក ក្រុងហូជីម៉ិញ ដែលមានប្រជាពលរដ្ឋរស់នៅ ប្រមាណ១៣លាននាក់ និងទី៣ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here