ដោយ៖ សុខុម
តូក្យូ: ក្រោយសង្គ្រាមរុស្ស៊ីអ៊ុយក្រែនផ្ទុះឡើងកាលពីខែមុន លោកខាងលិចនិងបណ្ដាសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដូចទឹកបាក់ទំនប់ដែលធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ រួមទាំងការដាក់បម្រាមលើការនាំចូលប្រេងនិងហ្គាសរបស់រុស្ស៊ី ទៀតផងដែលបណ្ដាលឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងស្រឺតៗទូទាំងពិភពលោក។
ដើម្បីឆ្លើយតបនឹងវិបត្តិនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុនបានប្រកាសនៅថ្ងៃសុក្រទី១៨ មីនានេះថា ប្រទេសជប៉ុននឹងស្រូតពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងការអភិវឌ្ឍគម្រោងស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ក្នុងឆ្នេរសមុទ្រ (Offshore Wind Farm) នានា។
ក្រុមមន្ត្រីនៅក្នុងប្រទេសដែលខ្សត់ធនធានធម្មជាតិមួយនេះមានការព្រួយបារម្ភថា សង្គ្រាមរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែននិងការហក់ឡើងថ្លៃប្រេងឥន្ធនៈអាចជះផលប៉ះពាល់ដល់ខ្លាំងមកលើកំណើនសេដ្ឋកិច្ចរបស់ខ្លួន ទោះជាពួកគេនិយាយថា ពេលនេះការផ្គត់ផ្គង់ថាមពលមិនទាន់មានការរាំងស្ទះខ្លាំងនៅឡើយក្ដី។
រដ្ឋមន្ត្រីឧស្សាហកម្មលោក Koichi Hagiuda បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រដ្ឋាភិបាលនឹងកែប្រែដំណើរការដេញថ្លៃសាធារណៈ សម្រាប់ការជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ ដោយគិតគូរមិនត្រឹមតែតម្លៃដេញថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរផងដែរថា តើប្រព័ន្ធដំបូងអាចដំឡើងបានដោយវិធីណា៕