កំណើននាំចេញយ៉ាងគំហុកជំរុញឱ្យតម្រូវការលំនៅដ្ឋាននៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃកើនឡើង

0

ដោយៈសុខុម

បាងកក: ការកើនឡើងយ៉ាងគំហុក នូវការនាំចេញក្នុងឆ្នាំ២០២១ បានជំរុញកំណើនតម្រូវការលំនៅដ្ឋាន ក្នុងបណ្ដាខេត្តច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) នៃប្រទេសថៃ។

អ្នកជំនាញបង្ហាញសុទិដ្ឋិនិយមថា កំណើននេះនឹងបន្តនៅឆ្នាំនេះបន្តទៀត។ នេះបើយោងតាមបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក។

លោក Meesak Chunharuckchot ប្រធានសមាគមអចលនទ្រព្យខេត្តឈុនប៊ូរី (Chonburi) ថ្លែងថា ទីផ្សារលំនៅដ្ឋានក្នុងខេត្តនេះ មានភាពប្រសើរឡើងក្នុងឆមាសទី២ ឆ្នាំ២០២១ ដែលជំរុញដោយការនាំចេញ ដែលបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

លោកលើកឡើងទៀតថា “ប្រសិនបើលុយបាតធ្លាក់ថ្លៃ ការទិញផ្ទះរបស់អ្នក ដែលធ្វើការផ្នែកនាំចេញ ផ្នែកឧស្សាហកម្មនឹងកើនឡើង ខណៈតម្លៃដឹកជញ្ជូនកើនឡើង”។

យោងតាមធនាគារកណ្ដាលថៃបានឱ្យដឹងថា តម្លៃនាំចេញសរុបដែលមិនរាប់បញ្ចូលមាស បានកើនឡើង២៤,៤% កាលពីឆ្នាំមុន ជាមួយនឹងកំណើន២៦,៦% ក្នុងឆមាសទី១ និង២២,៤% ក្នុងឆមាសទី២។

លោក Meesak Chunharuckchot លើកឡើងថា ផ្ទះប្រភេទTownhouse តម្លៃចន្លោះពី៣០.០០០ដុល្លារអាមេរិក ទៅ៦០.០០០ដុល្លារអាមេរិក ក្នុងមួយយូនីតដែលអតិថិជន គោលដៅ ជាអ្នកនៅធ្វើការនៅតាមសួនឧស្សាហកម្ម មានសន្ទុះលក់ដាច់ជាងមុន បន្ទាប់ពីធ្លាក់ចុះ អំឡុងឆ្នាំ២០១៩-២០២០។ អ្នកជំនាញរំពឹងថា សន្ទុះកើនឡើងនេះនឹងបន្តនៅក្នុងឆ្នាំ២០២២ នេះទៀត។

លោក Premsorn Sriviboonchai ប្រធានសមាគមអចលនទ្រព្យ ខេត្តរ៉ាក់យ៉ងបានបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋានក្នុងខេត្តរ៉ាក់យ៉ង នឹងមានស្ថានភាពល្អប្រសើរ ដូចខេត្តឈុនប៊ូរី ដែរជាមួយនឹងកំណើនវិជ្ជមានបន្តមកពីឆ្នាំមុន។

សួនឧស្សាហកម្មក្នុងស្រុកភ្លួក ឌែង (Pluak Daeng) នៃខេត្តរ៉ាក់យ៉ង មានសន្ទុះធ្លាក់ចុះក្នុងឆ្នាំ២០២០។ ទោះជាយ៉ាងណា ការផលិតរថយន្តបានកើនឡើងកាលពីឆ្នាំមុន បន្ទាប់ពីពិភពលោកមានតម្រូវការរថយន្តឡើងវិញ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here